ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុប១,៥៨៩នាក់


(ភ្នំពេញ)៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ពិធីប្រគល់សញ្ញាបត្រធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលបានសញ្ញាបត្រនេះរួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ ឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា និស្សិតទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ២២នាក់ផងដែរ។

វិស័យអប់រំជាវិស័យឈានមុខគេក្នុងចំណោមវិស័យអាទិភាពទាំង៤ រួមមាន៖ ធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។ ដើម្បីជំរុញការអប់រំឱ្យវិវឌ្ឍន៍ទៅមុខប្រកបដោយឧត្តមភាពនោះ រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាសឱ្យវិស័យឯកជន ចូលរួមវិនិយោគទៅលើវិស័យអប់រំនេះ។

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប គឺជាគ្រឹះស្ថានអប់រំឯកជន ថ្នាក់ឧត្តមសិក្សាមួយ ដែលបានចូលរួមយ៉ាងសកម្មលើការបង្កើតនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យមួយ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់នូវការលើកទឹកចិត្តជាបន្តបន្ទាប់ ហើយបានជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មទាំងស្មារតី សម្ភារៈ និងថវិកាផងដែរ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់សាលានេះ រួមមាន អង្ករចំនួន ២តោន និងថវិកា ៥លានរៀលជារៀងរាល់ខែ។

ឯកឧត្តមបណ្ឌិត ឌួង លាង បានឱ្យដឹងថា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានកើតចេញពីការបណ្តុះបណ្តាលថ្នាក់វិជ្ជាជីវៈកម្រិតវិញ្ញាបនបត្រ តាមរយៈអង្គការអាស៊ីអឺរ៉ុប នៅឆ្នាំ២០០២។

ដោយទទួលបានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល និងការជឿទុកចិត្តពីសំណាក់អ្នកសិក្សា សាលាបានវិវឌ្ឍន៍ខ្លួនជាលំដាប់រហូតឈានទៅបង្កើត ជាសាកលវិទ្យាល័យ។ គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតដែលបានបញ្ចប់ការសិក្សា មានចំនួនសរុប ៥៦,២០៨នាក់ ( នារី ២៣,១៥៧នាក់ )។ ចំនួននេះ គិតទាំងនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះផងដែរ។

សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាមានចំនួនសរុប ១២,២១៩នាក់ (នារី ៥,៩៩៥នាក់)។ មាននិស្សិតជនជាតិបរទេសចំនួន ២៤នាក់ ( នារី ១២នាក់)។ និស្សិតបរទេសមានដូចជា ជនជាតិអាមេរិក ០១នាក់, ចិន ០២នាក់, ចិនតៃវ៉ាន់ ០១នាក់, កូរ៉េ ០៥នាក់, ថៃ ០២នាក់, ឡាវ ១២នាក់ និង នីហ្សេរីយ៉ា ០១នាក់។

ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាភាគច្រើនសុទ្ធតែបានទទួលការងារធ្វើ។ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មានការងារធ្វើ ១០០ភាគរយ, ថ្នាក់បរិញ្ញាបត្រ ៨៩ភាគរយ និងបរិញ្ញាត្ររង ៧៣ភាគរយ។ និស្សិតក៏បានអះអាថាការងារត្រូវនឹងជំនាញមានចំនួន ៥៣,០៨ភាគរយ ហើយការងារមិនត្រូវជំនាញ ចំនួន ៤៤,៣១ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ចំនួន ២,៦១ភាគរយ។

ឯកឧត្តមបណ្ឌិត ឌួង លាង បានអះអាងដែរថា ក្នុងស្មារតីបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និង បុព្វហេតុនៃការកសាង និង អភិវឌ្ឍន៍ធនធានមនុស្ស សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ។ សាកលវិទ្យាល័យ បានអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និង ផែនការជា យុទ្ធសាស្រ្តវិស័យអប់រំរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្ម។

បន្ថែមពីលើនេះ ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់ និងពិភពលោក ក្នុងសម័យកាលឧស្សាហកម្មទី៤ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានអនុវត្តរបៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែបឌីជីថល (Digital) ផងដែរ៕