ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបើកសម្ពោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ បានអបអរសាទរជាមួយថ្នាក់ដឹកនាំ និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន Titan Stone Group ក្នុងការបន្តពង្រីកវិសាលភាពវិនិយោគលើវិស័យនានានៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបើកសម្ភោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) ដែលជាគម្រោងទី៣ បន្ទាប់ពីភាពជោគជ័យ នៃដំណើរការគម្រោងទី១ Picasso City Garden និងគម្រោងទី២ KY iCenter។ ទាំងនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសក្តានុពលទីផ្សារ និងការជឿទុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិចំពោះស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ សព្វថ្ងៃនេះ វិស័យធានារ៉ាប់រងក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើន និងបោះជំហានទៅមុខដោយភាពរឹងមាំ ដោយចំនួនប្រតិបត្តិករមានការកើនឡើង ជាបន្តបន្ទាប់ជាច្រើន ក្នុងនោះរួមមាន ទាំងក្រុមហ៊ុនធានារ៉ាប់រងធំៗ កម្រិតអន្តរជាតិជាច្រើនក៏បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា កម្រិតជីវភាព និងចំណេះដឹងក្នុងការថែទាំសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើនលឿន ហើយជាមួយនឹងលទ្ធភាពនេះ ពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិកក្រុមគ្រួសារពួកគាត់។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា វឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព ហើយក៏ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរអំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគសម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន។

«រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជា ដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន និងភាពធនមាំសម្រាប់ដំណើរការ រយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕