អភិបាលខេត្តកំពង់ចាម សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុង ១ខ្សែ ប្រវែង៥,០០០ម៉ែត្រ នៅស្រុកព្រៃឈរ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងមួយខ្សែប្រវែង ៥,០០០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយរ័ក្ស ឃុំសូសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្លូវថ្នល់ជាអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាព៤ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ គឺទី១៖ ធនធានមនុស្ស, ទី២៖ ផ្លូវ, ទី៣៖ ភ្លើង និងទី៤៖ ទឹក។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ពិតណាស់ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ទើបពួកគាត់មានលទ្ធភាពចូលរួម ក្នុងការអភិវឌ្ឍន៍ ជាក់ស្ដែងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៥,០០០ម៉ែត្រ បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺបានមកពីការ ចូលរួមកសាងពីសប្បុរសជននានា តាមរយៈព្រះគ្រូបិតកធម្ម ម៉ៅ នីម ព្រះចៅអធិការវត្ត ព្រះពុទ្ធមានបុណ្យរៃអង្គាស ពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយយកមកកសាងសមិទ្ធផល នៅក្នុងស្រុកព្រៃឈរនេះ សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក្រៅពីប្រើប្រាស់ផ្លូវនេះ ជាប្រយោជន៍ និងសូមឱ្យប្រជាពលរដ្ឋចេះថែរក្សាផ្លូវនេះ ទុកប្រើប្រាស់ឱ្យបានយូរអង្វែងផងដែរ៕