ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ទូតជប៉ុនប្រចាំកម្ពុជាថា ជប៉ុនជាដៃគូអភិវឌ្ឍន៍ ប្រកបដោយសក្កានុពលរបស់កម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងឱកាសជួបសម្តែងការគួរសម ឯកឧត្តម MIKAMI Masahiro ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អ ប្រកបដោយការរីកចម្រើន និងកាន់តែជិតស្និទ្ធរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងរឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយបានសង្កត់ធ្ងន់ថា៖ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពល សម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លើសពីនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងសហការជិតស្និទ្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងក្រសួង/ស្ថាប័ន ទីភ្នាក់ងារ JICA និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចក្រព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ) និងចក្រព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ (កម្ពុជា-វៀតណាម) ក្នុងរយៈពេលបីខែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងការកោតសសើរចំពោះសកម្មភាព និងកាយវិការមនុស្សធម៌ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ចំពោះការទទួលស្វាគមន៍ នាវាទេសចរណ៍Westerdam ដែលត្រូវបានបណ្ដាប្រទេសជាច្រើន បដិសេធមិនឱ្យចូលចតដោយភ័យខ្លាច ពីការឆ្លងមេរោគ COVID-១៩៕