ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានជាង២០% គ្រោងនឹងបើកដំណើរការ នៅក្នុងខែកញ្ញា ឆ្នាំ២០២២


(ព្រះសីហនុ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ចំនួនជាង២០%ហើយ ដោយគ្រោងនឹងបើកឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។

នេះជាការអះអាងរបស់លោក Zhang Zhongqi អគ្គនាយកនៃការិយាល័យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា រួមទាំងប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម យិត ប៊ុនណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។

ឯកឧត្តម គង់ សារាជ បានឱ្យដឹងដែរថា ខេត្តព្រះសីហនុ គឺជាច្រកប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីធ្វើការដឹកជញ្ជូនទំនិញឱ្យបានលឿន ដើម្បីជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើនបន្ថែមទៀត។ បន្ទាប់ពីមានផ្លូវល្បឿនលឿននេះហើយ លោកនឹងធ្វើយ៉ាងណាជំរុញឱ្យខេត្តព្រះសីហនុ មានកំពង់ផែកាន់តែល្អប្រសើរ មានកំពង់ផែទឹកជ្រៅកាន់តែឆាប់រហ័ស ដែលអាចឱ្យកប៉ាល់ដឹកជំនិញធំៗ អាចចូលមកបានផងដែរ។

ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភារូបនេះ បានបញ្ជាក់ទៀតថា ការធ្វើផ្លូវល្បឿនលឿន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ គឺមិនមែនធ្វើតែផ្លូវភ្នំពេញ-ព្រះសីហនុមួយនេះនោះទេ គឺនៅមានការធ្វើផ្លូវល្បឿនលឿនផ្សេងៗទៀត ដោយសារនៅលើពិភពលោកនេះ ការដឹកជញ្ជូន គឺមានសារៈសំខាន់ណាស់ បើសិនជាការដឹកជញ្ជូន មិនបានលឿននោះទេ គឺយើងមិនអាចដើរទាន់ការរីកចំរើន នៃសកលលោកបាននោះទេ ដូចនេះហើយទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺត្រូវតែធ្វើយ៉ាងសម្រួលឱ្យការដឹកជញ្ជូនបានលឿន។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕