ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប


នៅសាលសន្និសិទ្ធសុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២០បានធ្វើពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរអប្សរា អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ ប្រមាណ ៥០០នាក់ដែលបានចូលរួម ។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថាការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរា គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញ ពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការ អនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងទៀត ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍ សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។

ឯកឧត្តម ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និង ការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍ នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និង ធម្មជាតិ ទោះបីករណីផ្ទុះឡើងនូវ ជម្ងឺ ខូវីដ១៩ នៅតាមបណ្តាប្រទេសមួយចំនួន ដែលធ្វើឲ្យមានការធ្លាក់ចុះភ្ញៀវទេសចរណ៍ក៏ពិតមែននោះ តែអាជ្ញាធរខេត្តនៅតែបន្តក្នុងការផ្សព្វផ្សាយ ទាក់ទាញដល់ភ្ញៀវទេសចរណ៍ សំខាន់ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យអាជ្ញាធរខេត្ត សហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំអង្គរសង្ក្រាន្ត នៅតំបន់រមណីយដ្ឋានអង្គរឡើងវិញ ក្នុងការទាញយកភ្ញៀវទេសចរ ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ ព្រមទាំងបានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំខាន់ សន្តិសុខទេសចរណ៍ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម ។ ឯកឧត្តម ទៀ សីហា ក៏បានសង្កត់ធ្ងន់ ទៅលើការរៀបចំសណ្តាប់ធ្នាប់ អនាម័យក្រុង និង សំណង់អាណាធិបតេយ្យ រំលោភដីចំណីផ្លូវជាដើម ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏លើកនូវវិធានការល្អៗមួយចំនួន ក្នុងការធ្វើបទអន្តរាគមន៍ លើកឡើងពីបទពិសោធន៍កន្លងមក ក្នុងការឆ្លុះបញ្ចាំឲ្យឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងរកវិធានការដោះស្រាយចំពោះមុខ តាមប្រធានបទ នៃបទអន្តរាគមន៍ ដាក់ជូនអង្គសន្និបាត ក្នុងគោលដៅនៃការប្រមូលផ្តុំទស្សនៈ ក្នុងការរៀបចំឥរិយាបថសមស្រប ដើមី្បបង្កើតវប្បធម៌ ប្រជាធិបតេយ្យ ដោយមានការចូលរួមពីប្រជាពល រដ្ឋ ប្រកបដោយគណនេយ្យភាព សមធម៌ មានតម្លាភាព ក្នុងការឆ្លើយតបប្រកបដោយសីលធម៌ ក្នុងការផ្តល់សេវាសាធារណៈ ។ ក្នុងនោះឯកឧត្តម ក៏លើកឡើងផងដែរ ពីអង្គសន្និបាតថ្ងៃនេះ ជាកាលានុវត្តភាព ធ្វើឲ្យយើងទាំងអស់គ្នា អាចពិនិត្យ ពិភាក្សាស្វែងយល់ រកនូវដំណោះស្រាយ ដើមី្បជាសូចនាការវាស់ស្ទង់ ដកពិសោធន៍ពីគ្នាទៅវិញទៅមក ។ បញ្ហាសំខាន់លើ ការបង្ការទប់ស្កាត់ និង កាត់បន្ថយនូវបញ្ហាប្រឈម ឲ្យស្ថិតក្នុងកំរិតអប្បបរមា នៃផលប៉ះពាល់ អវិជ្ជមាន ក្នុងកម្រិតតិចបំផុតនូវកត្តាចៃដន្យនានា ដែលកើតឡើងជាយថាហេតុផងដែរ ។
ឯកឧត្តមអភិបាលខេត្ត សូមឲ្យសមាជិកអង្គសន្និបាតទាំងមូលយកនូវចំណុចលើកឡើង ធ្វើការពិភាក្សាផ្លាស់ប្តូរនូវគំនិតយោបល់គ្នានូវបទពិសោធន៍ តាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន និង អង្គការដៃគូរ អនុវត្តកន្លងមក ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ប្រកបជោគជ័យ សំខាន់គឺ ធើ្វឲ្យភូមិ ឃុំ មានសុវត្ថិភាព ដោយអនុវត្តឲ្យបាន នូវការទប់ស្កាត់ បទល្មើសទាំង០៩ចំណុចសំខាន់ៗនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺសកម្មភាព លួច ឆក់ប្លន់គ្រប់ប្រភេទ បង្រ្កាប និង លុបបំបាត់ការ ផលិតចែកចាយ និង ប្រើបា្រស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ បំបាត់នូវអំពើអនាចារ ការជួញដូរស្រ្តី និង កុមារ ល្បែងស៊ីសង់ អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង ជនទំនើង និងការប្រើបា្រស់អាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកជញ្ជូនលើសទម្ងន់ និង បង្កើននូវកិច្ចសហប្រតិបត្តិការ ការគាំទ្រ ការបរិច្ចាកធនធានឲ្យកាន់តែមានភាព ផុលផុសឡើង ក្នុងទឹកចិត្តមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និង ឧបទ្ទេវហេតុផ្សេងៗឲ្យបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និង ទាន់សភាពការណ៍ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទូទៅ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ៕