រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្ដល់លិខិតសរសើរ និងប្រាក់រង្វាន់ដល់មន្ទីរ-អង្គភាពក្រុង-ស្រុកទាំង០៧ និង៦៤ឃុំ-សង្កាត់ ដែលអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានល្អប្រសើរ


(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការផ្ដល់លិខិតសរសើរ ដល់មន្ទីរ-អង្គភាព និងក្រុង-ស្រុកទាំង០៧ ដែលខិតខំបំពេញការងារ រយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ ព្រមទាំងផ្ដល់បណ្ណសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្តមានជ័យលាភីលេខ១ លេខ២ និងលេខ៣ ដល់ឃុំសង្កាត់ទាំង៦៤ ទូទាំងខេត្ត ដែលអនុវត្តកម្មវិធីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការផ្ដល់បណ្ណសរសើរលើកទឹកចិត្ត និងប្រាក់រង្វាន់បែបនេះ ធ្វើឡើងនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ បើតាមការពិនិត្យ អាចសន្និដ្ឋានបានថា សកម្មភាពការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ធានាបានយ៉ាងរឹងមាំនូវសន្តិភាព ការឯកភាពជាតិ សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ រួមចំណែកដល់ការលើកស្ទួយនីតិរដ្ឋ ការការពារនិងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សំដៅបង្កបរិយាកាសល្អប្រសើរ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តាមរយៈការអនុវត្តវិធានការនានា រួមទាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» បានធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់ផ្នែក បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសស្រាក់ សស្រាំក្នុងការងារបង្រ្កាបបទល្មើស ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ដែលទទួលបានការគាំទ្រ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាមួយនឹងការរីកចម្រើនលើពហុវិស័យ ការងារបន្តកសាងស្ថាបនាអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រុងនៃទីរួមខេត្ត គឺជាកិច្ចការជាអាទិភាព ដែលត្រូវគិតគូរយកចិត្តទុកដាក់ជាចម្បង តាមគម្រោងផែនការតម្រូវការ និងសំណូមពរជាក់ស្តែងផងដែរ។

លោក ជាម ច័ន្ទសោភ័ណ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អង្គសន្និបាតនាពេលនេះ នឹងទទួលបាននូវមតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ពីសំណាក់ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ធ្វើការឆ្លុះបញ្ចាំងលើរបាយការណ៍ កិច្ចប្រជុំពិភាក្សា លើកនូវបញ្ហាប្រឈមនានា ក្នុងការធ្វើការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តន៍ការងារកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ រួមសហការយ៉ាងជិតស្និទ្ធ និងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ រយ:ពេលពេញមួយឆ្នាំកន្លងទៅនេះ ក៍ដូចជាស្នើឱ្យបន្តអនុវត្តន៍លើការងារឲ្យកាន់តែល្អប្រសើរថែមទៀត នាឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់រហូតទៅ៕