រដ្ឋមន្ដ្រីសុខាភិបាល៖ ទិសដៅការងារដ៏ចាំបាច់បំផុត គឺបន្តប្រឹងប្រែងផ្ដល់សេវាថែទាំជូនពលរដ្ឋគ្រប់រូប ប្រកបដោយប្រសិទ្ធភាពខ្ពស់


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អ្នកប្រកបវិជ្ជាជីវៈគ្រូពេទ្យ គឺជាអ្នកប្រកបវិជ្ជាជីវៈមួយ ដែលមិនទាមទារអ្វីក្រៅពីបង្ការ ការពារ ថែទាំព្យាបាល និងស្ដារនិតិសម្បទារ ជូនពលរដ្ឋគ្រប់រូបប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយធានាបានថា មិនទុកចោលពលរដ្ឋយើងណាម្នាក់ ដោយមិនបានផ្ដល់សេវាព្យាបាលនោះទេ។

ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបើកសន្និបាតសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្ដរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ទិសដៅការងារឆ្នាំ២០២០ គឺលទ្ធផលក្នុងការបង្កើនការគ្របដណ្ដប់ និងការប្រើប្រាស់សុខាភិបាល ការកែលម្អរគុណភាពសេវាកាន់តែប្រសើរឡើង ព្រមទាំងការពង្រឹងសមត្ថភាពត្រៀមបំរុង និងការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធិភាពទៅនឹងការគំរាមគំហែង សុខភាពសាធារណៈដូចជាគ្រោះមហន្ដរាយ និងការផ្ទុះឡើងនៃជំងឺឆ្លងជាដើម»

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្កើនការវិនិយោគធនធានជារៀងរាល់ឆ្នាំ ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល លើកកម្ពស់សមត្ថភាពផ្ដល់សេវាសុខាភិបាល និងសមត្ថភាពនិយ័តកម្ម ផ្គត់ផ្គង់ឱសថបរិក្ខារ ឧបករណ៍ពេទ្យ និងបំពាក់បច្ចេកវិទ្យាវិទ្យាសាស្ដ្រ។ល។

លើសពីនេះ ក៏បានពង្រីកការគ្រប់ដណ្ដប់នៃប្រព័ន្ធគាំពារ សុខភាពសង្គម ដើម្បីបង្ការប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ឱ្យជៀសផុតពីហានិភ័យហិរញ្ញវត្ថុ នៅពេលប្រើប្រាស់សេវាថែទាំសុខភាពនៅពេលមានជំងឺ ឬបញ្ហាសុខភាព៕