អបអរសាទរ​ខួប​លើក​ទី ១០៩ ទិវា​អន្តរជាតិ​នារី ៨ មីនាឆ្នាំ​២០២០ ក្រោម​ប្រធានបទ​(​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​)


(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​២០២០ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៩ ទិវា​អន្តរជាតិ​នារី ៨ មីនាឆ្នាំ​២០២០ ក្រោម​ប្រធានបទ​(​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​) ដែលមាន​ការចូលរួម​ពី​ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោកជំទាវ ឯកឧត្តម ឧក​ញ្ញ៉ា សុខ ផេង​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោកជំទាវ គង់ សាឡ​ន តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត និង​មន្ទីរ​អង្គភាព​នានា​យ៉ាងច្រើន​កុះករ​។​

លោកជំទាវ លៀង ស្រី​ម៉ុ​ល អភិបាលរង​ខេត្ត បានលើកឡើង​អំពី​សិទ្ធិសេរីភាព​របស់​ស្ត្រី​ក្នុងការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ដូច​ប្រធានបទ​ថា «​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» គឺមាន​គោលបំណង​បញ្ជាក់​ពី​តម្លៃ​នៃ​សន្តិភាព និង​អរគុណ​សន្តិភាព ដែល​បាន​ប្រែ​ក្លាច​ប្រទេស​កម្ពុជា​ពី បាតដៃ​ទទេ គ្មាន​សិទ្ធិសេរីភាព គ្មាន​សិទ្ធិមនុស្ស ប្រែក្លាយ​ទៅជា​ប្រទេស​ប្រកបដោយ​សន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុងអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ព្រមទាំង​មានការ​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក​។ លោកជំទាវ​ក៏​លើកឡើង​បន្ថែមទៀតថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ ជាពិសេស វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​គាំទ្រ​ជំរុញ ឱ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួមទាំង​បុរស ទាំង​ស្ត្រី ដើម្បី​វឌ្ឍនៈភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។

​ឯកឧត្តម ទាំងពីរ បាន​បន្ថែមទៀតថា កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​ឆ្ពោះទៅរក​កិច្ចការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​សមិទ្ធិផល​ទាំងនេះ ស្តែងចេញ​មកពី​កត្តា​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម ទាំងពីរ​បាន​ណែនាំ​ដល់​ស្ត្រី ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ក្នុងការ​ចូលរួម​កិច្ចការងារ សង្គមជាតិ និង​ធ្វើយ៉ាងណា​ឱ្យ​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ ក្នុង​កិច្ច​ការបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ឱ្យមាន​តម្លាភាព និង​បាន​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ទាំងអស់ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ត្រូវ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់ខ្លួន​ឱ្យបាន​ល្អ ចៀសវាង​ការហូរចូល​នូវ​វប្បធម៌​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់ គិ​ត្តិ​យស សេចក្តីថ្លៃថ្នូរ និង​សីលធម៌​សង្គម​របស់​ប្រទេសជាតិ​យើង​៕

​