សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៩ចំណុច ឲ្យក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធបន្តការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និងអរូបីប្រកបដោយតម្លាភាព


ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗ៩ចំណុច ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និងអរូបី ប្រកបដោយតម្លាភាព។

អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់បន្តផ្តល់អនុសាសន៍សំខាន់ៗ៩ចំណុច ឲ្យក្រសួងវប្បធម៌ បន្តការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និងអរូបី ប្រកបដោយតម្លាភាពរួមមាន៖

ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់រយឆ្នាំនៅតាម មូលដ្ឋាននៅទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបី ទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។

ទី២៖ ត្រូវរួមគ្នាបន្តការងារអភិរក្ស បេតិកភណ្ឌវប្បធម៌អរូបី ទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់បន្ថែមទៀត ដែលជាឃ្លាំង ចំណេះដឹងក្នុងការបន្តវេន ទៅយុវជនជំនាន់ក្រោយ។

ទី៣៖ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ឱ្យបានកាន់តែទូលំទូលាយ ក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិ និង អន្តរជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយ ភាពក្រីក្រ។

ទី៤៖ សម្តេចសូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មានដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាននិងកំពុងមានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាស សម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរនាពេលកន្លងមក។ ជាមួយគ្នានេះឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវសហការជួយសម្រួលផ្តល់ទីតាំង ក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្តគ្រប់ប្រភេទ។

ទី៥៖ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំ នៅបរទេសរៀបចំព្រឹត្តិការណ៍ វប្បធម៌ខ្មែរឱ្យបានទៀងទាត់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹង នយោបាយវប្បធម៌ការទូត ហើយត្រូវបំផុស ឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធី ទិវាវប្បធម៌ជាតិ ឱ្យបានអធិកអធម និងទូលំទូលាយ ។

ទី៦៖ ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដី តាមមូលដ្ឋាននានាថែរក្សា ការពារនូវប្រពៃណី ទំនៀមទម្លាប់ និងទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិច ដែលជាផ្នែក មួយនៃវប្បធម៌ដ៏យូរលង់ របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធភាព ។

ទី៧៖ ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសជាមួយ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃ វប្បធម៌ចាស់ៗយកមក ក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិន សមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត ។

ទី៨៖ សម្តេចសូមអំញវនាវ ដល់ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនកូនក្មួយសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់ នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមានមរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ។

ទី៩៖ សម្តេចសូមថ្លែងនូវការកោតសរសើរ ចំពោះការចូលរួម របស់សប្បុរសជនមួយចំនួន ដូចជាលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោកស្រី សៀង ចាន់ហេង និងលោកស្រី ស៊ុយ ស៊ីផាន រួមទាំងសប្បុរសជនជាច្រើនទៀត ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែកជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សប្រាសាទ និងព្រះវិហារបុរាណមួយចំនួន នាពេលកន្លងមក។

ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិស «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២» នេះ ចំពោះ គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងសូមឱ្យទិវានេះស្ថិតនៅ ជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជាមួយនឹងមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ជាពិសេស ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ និងកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងចំណោមយុវជនកម្ពុជា ដែលជាអ្នកបន្តវេន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិកម្ពុជាឱ្យ បានស្ថិតស្ថេរគង់វង្សជារៀងរហូត៕