ឯកឧត្តម ហ៊ុន ម៉ានី៖ តេី យុវជនដេីម្បីវប្បធម៌ជាតិជាអ្វី? ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វា ជាការចេះថ្លឹងថ្លែងរវាងទង្វេីផ្ទាល់ខ្លួន និងផលជះនៃទង្វេីនោះ ចំពោះសិល្ប:វប្បធម៌ជាតិខ្លួន


ពិតណាស់ រាជរដ្ឋាភិបាលតែងបានគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិ។

ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការរក្សា​តម្លៃនៃវប្បធម៌ ដោយបានដាក់ចេញនៅចំណាត់ការជាបន្តបន្ទាប់ មិនអនុញ្ញាតឲ្យរាល់សកម្មភាពទាំងឡាយណាដែលនាំអោយវប្បធម៌ជាតិអាប់ឱន អាចប្រព្រឹត្ត​ទៅបានក្នុងសង្គមឡើយ។

ចំណាត់ការដែលបានដាក់ចេញនេះ គឺជាការដាស់តឿន ចំពោះអ្នកទាំងឡាយណា ដែលកំពុងលង់ក្នុងទង្វើមិនសមរម្យរបស់ខ្លួន ដើម្បីតែប្រយោជន៍ខ្លួន អោយមានការភ្ញាក់​រលឹកថា​សកម្មភាពរបស់ពួកគេបានប្រាសចាកសីលធម៌នៃការរស់នៅក្នុងសង្គមខ្មែរ ហើយអាចឈានទៅដល់ការនាំឲ្យបាត់អត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រជាជាតិខ្មែរ យើងអាចចូលរួមអភិរក្សវប្បធម៌ ក្នុងទម្រង់ផ្សេងៗគ្នា តាមលទ្ធភាពដែលយើងមាន។ យើងទាំងអស់គ្នា ជាអ្នកបន្តវេនក្នុងការថែរក្សា និងលើកតម្កើនវប្បធម៌របស់យើង ដូចនេះសូមយុវជនទាំងអស់ស្វែងយល់​ឲ្យច្បាស់នូវអ្វីដែលជាទង្វេីរបស់ខ្លួន ហើយអ្វីដែលជាវប្បធម៌បរទេស ដើម្បីជៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជាមរតកខ្លួនឯង។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ដថា ទន្ទឹមនឹងនេះ ការចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយវិការរបស់ខ្លួនជាលក្ខណៈបុគ្គល គឺជាការចូលរួមចំណែកក្នុង​រក្សាតម្លៃនៃវប្បធម៌ ព្រោះភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គមដែលស្តែងចេញពីទង្វេីបុគ្គល នឹងប៉ះពាល់និរន្តភាពនៃវប្បធម៌៕