ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ស្នើតួកគីគាំទ្រកម្ពុជា ដើម្បីក្លាយជាសមាជិកសង្កេតការណ៍របស់អង្គការ OIC


(តួកគី)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ស្នើឲ្យប្រទេសតួកគីគាំទ្រកម្ពុជា ដើម្បីក្លាយជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រតិបត្តិការឥស្លាម (Organization Islamic Cooperation) ហៅកាត់ OIC ដែលជាអង្គការធំទី២ នៅលើពិភពលោកបន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។

ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋតួកគី លោក Yavuz Selim KIRAN នៅទីស្ដីការក្រសួង ក្នុងទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងទៀតថា ជាតម្លៃប្រវត្តិសាស្ត្រនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ មកលើសហគមន៍ឥស្លាម ដោយបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ទៅក្នុងក្របខណ្ឌរដ្ឋដែលទទួលបានប្រាក់បៀវត្សសមរម្យ ការផ្ដល់ឲ្យថ្នាក់ដឹកនាំជាខ្មែរឥស្លាម មានឱកាសចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ចាប់តាំងពីថ្នាក់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បន្តបន្ទាប់រហូតដល់ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានជម្រាបសមភាគីរបស់លោកអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមបនីយកម្មសាសនា ខណៈដែលប្រទេសមួយចំនួននៅខាងអឺរ៉ុប នៅមជ្ឈិមបូព៌ាកំពុងតែមានជម្លោះជាតិសាសន៍ និងសង្រ្គាមឥតឈប់ឈរ។

លោក Yavuz Selim KIRAN បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា និងបានលើកឡើងថា ទន្ទឹមនិងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-តួកគី លោកស្នើឲ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត លើគ្រប់វិស័យ ហើយតួកគីនឹងគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ ជាមួយនឹងការកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត បានរក្សាផលប្រយោជន៍ជាតិជាធំ រាប់អានប្រទេសជាមិត្តដោយស្មើមុខស្មើមាត់ ប្រកបដោយគុណធម៌ មនុស្សធម៌ ដែលជាគំរូដ៏ប្រពៃពីសម្រាប់សាកលលោក៕