សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តបុណ្យទន្លេ នៅខេត្តបាត់ដំបង នាចុងសប្តាហ៍ក្រោយ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅលេងកម្សាន្ដបុណ្យទន្លេ នៅខេត្តបាត់ដំបង ដែលមានរយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នាចុងសប្ដាហ៍ក្រោយនេះ។

ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំថ្មី ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអញ្ជើញប្រជាពលរដ្ឋ ទៅលេងនៅខេត្តបាត់ដំបង នៅថ្ងៃទី១៣-១៥ ដើម្បីចូលរួមបុណ្យទន្លេ ព្រោះយើង ចង់ឲ្យប្រជាពលរដ្ឋរបស់យើង សប្បាយក្នុងស្រុក ចំណាយក្នុងស្រុកឲ្យបានច្រើន»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកមានប្រជាពលរដ្ឋខ្មែរ ជាង១លាននាក់ យកប្រាក់ទៅចំណាយនៅក្រៅប្រទេស ប៉ុន្ដែឥលូវនេះ គឺមានការរៀបចំកម្មវិធីជាច្រើន នៅក្នុងស្រុកដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយ នៅក្នុងប្រទេសវិញ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏សូមអរគុណចំពោះទូរទស្សន៍ និងក្រុមហ៊ុននានា ដែលបានរៀបចំការប្រគំតន្ដ្រី តាមបណ្ដាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ បានកម្សាន្ដសប្បាយ នៅទីកន្លែងនោះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចនឹងអញ្ជើញទៅខេត្តបាត់ដំបង ដើម្បីអញ្ជើញចូលរួម ជាអធិបតីបើកបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»

សូមជម្រាបថា ពិធីបុណ្យទន្លេឆ្នាំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុក ជាជម្រុកស្រូវរបស់ប្រទេសកម្ពុជា ជាទីក្រុង បេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូល ក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្ដុំ ទៅដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ។

លើសពីនោះទៀត មានចម្ការទំពាំងបាយជូរ និងសំបូរទៅដោយ រមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌសំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត៕