ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អុីវតឹក៖ «ព្រឹត្តិការណ៍​​​ឌីជីថល ២០២០ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​​ប្រទេស​ឈានមុខគេ​ ខាង​បច្ចេកវិទ្យា​ឌីជីថល»


ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានថ្លែងថា ​គោលនយោបាយកំពុងត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទាក់ទងនឹង ការរៀបចំប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថល ស្របតាមទស្សនវិស័យ ដែលមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេខាងបច្ចេកវិទ្យាឌីជីថល។ ​ឌីជីថលកម្ពុជា ២០២០ រំលេចនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្កត់ធ្ងន់លើអាទិភាព ដែលយើងដាក់លើការបង្កើនធនធានមនុស្ស ខាងវិស័យឌីជីថលនៅ​កម្ពុជា​។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការ​ជឿជាក់ថា ការគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញរបស់យុវជន ដែលមានទេពកោសល្យ នឹងរួមចំណែកដល់ការសម្រេចបាន នូវយុទ្ធសាស្ត្រចតុកោណសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី​៦ ជាពិសេសការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី​៤។

ព្រឹត្តិការណ៍ដ៏អស្ចារ្យឈានមុខនៅក្នុងប្រទេស ឌីជីថល​កម្ពុជា ត្រូវបានត្រឡប់មកវិញជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ​​២០២០​នេះ ​មានរយៈពេលបីថ្ងៃ​ និងមានអ្នកចូលរួមជា​ច្រើនរួមមាន អ្នកជំនាញឌីជីថល ទាំងក្នុងស្រុក ក្នុងតំបន់និងអន្តរជាតិ សហគ្រិន​ និង អ្នកគាំទ្រវិស័យឌីជីថល ដែលនឹងប្រមូលផ្តុំគ្នា​នៅសាលពិព័រណ៍កោះពេជ្រ ​ក្នុងព្រឹត្តិការណ៍ឌីជីថល​កម្ពុជាខាងមុខនេះ ដោយរួមបញ្ចូលកម្មវិធីពិសេសៗបន្ថែមទៀត ព្រមទាំងមានការចូលរួម ពីសំណាក់វាគ្មិនដ៏មានបទពិសោធន៍ជាច្រើនរូប។

លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT បានថ្លែងថា​ វិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានមានមោទនភាពណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្កើតវេទិកាដ៏ឆ្នើមអស្ចារ្យមួយនេះ ក៏ដូចជាដើម្បីកសាង​អនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំ​នាំមុខ វិស័យបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលដៅ​ដែលបានចែងរបស់យើង ក្នុងការកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជា ប្រធានបទសម្រាប់ឆ្នាំ ២០២០ គឺមនុស្សដែលមានទេពកោសល្យឌីជីថល។ ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ នឹងពង្រឹងវិស័យឌីជីថល និងព័ត៌មានវិទ្យា និងទូរគមនាគមន៍ឲ្យក្លាយជាវិស័យ ដែលមានតួនាទីសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

​ដោយឡែកឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ ​CBRD បានថ្លែងថា ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ បានចូលរួមចំណែកក្នុងការសម្រេចបាន នូវផែនការកសាងសមិទ្ធផលឆ្នាំ ២០១៩-២០២០ និងការស្រាវជ្រាវ​និងការអភិវឌ្ឍន៍ នៃវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ​ ដែលបង្កើតឡើង ដោយក្រុមប្រឹក្សាមូលនិធិ​ស.អ CBRD ដើម្បី ទី១​ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់បច្ចេកវិទ្យាព័ត៌មាន។ ទី២​ការជំរុញឲ្យមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍​ក៏ដូចជាការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទី ៣ ការជំរុញឲ្យមានការអភិវឌ្ឍន៍អ្នកចាប់ផ្តើម អាជីវកម្មបច្ចេកវិទ្យថ្មី។

គួរបញ្ចាក់​ថា ព្រឹត្តិការណ៍ឌីជីថលកម្ពុជា​ ២០២០ នឹងមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងពត៌មានវិទ្យា និងមានវាគ្មិនប្រមាណ ១២០ នាក់ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផងដែរ ព្រឹត្តិការណ៍នេះមានការតាំងពិព័ណ៍ប្រមាណជា ២០០ស្ដង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះជាង ៣០,០០០នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិដែលរួមមានស្ថាប័នរដ្ឋាភិបាល​​ ស្ថាប័នការទូត​ ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ​​ក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចាប់ផ្តើមអាជីវកម្មថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងដៃគូអភិវឌ្ឍន៍។

រួមជាមួយ NIPTICT ក៏មានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋាភិបាល រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង​អប់រំយុវជននិងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ និងទទួលបានការសហការពី​​អង្គការ​ដែលមកពីវិស័យឯកជន​ ដែលជាអ្នកឧបត្ថម្ភ និងអ្នករួមចំណែកដ៏ធំ រួមមាន Smart Axiata, Cellcard និង Metfone ​ដៃគូសហការ5G រួមមាន​ ក្រុមហ៊ុន Huawei ដៃគូសហការ Fintech រួមមាន​ UnionPay និង Wing ដៃគូធនាគារ PPCBank ដៃគូអុីនធឺណិត Ezecom ដៃគូរ smart house LG ដៃគូសណ្ឋាគារ Raffles Hotel​ Le Royal ដៃគូភេសជ្ជៈ Angkor Beverage ដៃគូហេដ្ឋារចនាសម្ព័ន្ធ Edotco ដៃគូធ្វើដំណើរ Grab, ដៃគូ ចាប់ផ្តើមអាជីវកម្មថ្មី ដែលជាសហគ្រាសខ្មែរ អ្នកឧបត្ថម្ភដទៃទៀត រួមមាន Seatel, Visa និង TrueMoney និងអ្នកសហការអ្នករៀបចំកម្មវិធី​រួមមាន ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Compass Advertising៕