សម្ដេចតេជោ ហ៊ុន សែន ណែនាំផ្អាកគម្រោងសាងសង់ណា ដែលមិនទាន់បើកការដ្ឋានដោយរង់ចាំឲ្យបញ្ហា Covid-19 បញ្ចប់សិន


ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដោយរង់ចាំឲ្យបញ្ហា Covid-19 ទៅផុតសិន ព្រោះដំណាក់កាលនេះ ជាដំណាក់កាលដែលត្រូវរួមគ្នា ទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។

បើទោះបីជាណែនាំឲ្យផ្អាកគម្រោងនានាក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះពិធីបើកការដ្ឋានសាងសង់ផ្លូវ ជាតិលេខ១០ «ពីសំឡូត, វាលវែង, អូរសោម, កោះកុង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ មិនត្រូវបានផ្អាក ឬពន្យាពេលនោះទេ ពោលត្រូវធ្វើឡើងតាមពេលកំណត់ ដែលសម្ដេចនឹងអញ្ជើញជាអធិបតីភាពផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើង គឺការដ្ឋានណាដែលមិនទាន់ត្រូវបានបើកការដ្ឋានទេ ផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋាន ដែលហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា សូម្បីថ្ងៃទី០៩នេះ ខ្ញុំក៏ត្រូវទៅ បើកការដ្ឋានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែហើយ ផ្លូវលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបង ទៅខេត្តកោះកុង ត្រូវបន្ដធ្វើ។ ប៉ុន្ដែកម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋានទេ ផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើមិចឲ្យអាកូវីដនេះទៅឲ្យផុតសិន ដើម្បី យើងដឹងច្បាស់ថា ទុនយើងវាមានប៉ុន្មានពិតប្រាកដ»

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសថា កិច្ចការរបស់កម្ពុជា នៅពេលកន្លងទៅចាប់ផ្ដើមតាំងពីពេលផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 រហូតមកដល់ពេលនេះ នឹងរហូតដល់ទៅដល់ការបញ្ចប់ នៃជំងឺកូវីដ១៩នេះ ការងារអាទិភាពខ្ពស់បំផុត គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ដែលត្រូវរួមគ្នាធ្វើ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យថាខ្លួនមានភារកិច្ចដាក់ចេញជាអាទិភាពទី១ ហើយការចំណាយក៏ត្រូវផ្ដល់មកផ្នែកសុខាភិបាលជាចាំបាច់ បើទោះបីត្រូវកាត់ពីវិស័យដ៏ទៃ ហើយមកប៉ះប៉ូវមកលើវិស័យសុខាភិបាល ក៏ត្រូវតែធ្វើដែរជៀសវាងមិនបាននោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរ ជាជាងការភ័យខ្លាច ទោះបីកម្ពុជាមិនទាន់មាន COVID-19។

កន្លងទៅមានជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ហើយបានរកឃើញផ្ទុកវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុ ប៉ុន្ដែដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ជនជាតិចិននោះត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕