ស្ថានទូតចិន៖ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់


ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បង្ហោះសារតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយកត់សម្គាល់ឃើញថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្ករកម្ពុជា របស់ប្រទេសចិនមានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់។

កើនឡើងបន្ទាប់ពី សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតួលេខថា ២ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន១៣៦,៥០០តោន មានចំនួន២២% បើធៀបជាមួយនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០១៩ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិន មានរហូតដល់៣៦,១០០តោន មានចំនួន៣៣%។

ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «យោងតាមតួលេខនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ឃើញថាតួលេខនៃការទិញអង្ករ របស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន១៣៦៥០០តោន មានចំនួន២២%បើធៀបជាមួយនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០១៩។ ក្នុងនោះការនាំអង្ករ ចេញទៅកាន់ប្រទេសចិន មានចំនួនពី២៧១០០តោន រហូតដល់៣៦១០០តោន មានចំនួន៣៣%បើធៀបជាមួយនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩»

សូមជម្រាបថា ប្រទេសកម្ពុជា ទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន នៅឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ប្រទេសចិនទិញអង្ករពីកម្ពុជាចំនួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០%៕