នាយឧត្តមសេនីយ គន់ គីម ជំរុញឱ្យរៀបចំពង្រឹងរចនាសម្ព័ន្ធ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋទាន់ពេល និងយកចិត្តទុកដាក់ការលំបាករបស់អតីតយុទ្ធជន


(បន្ទាយមានជ័យ)៖ នៅសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៤ ខែមីនានេះ មានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាន និងអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា។

នាយឧត្តមសេនីយ៍ បានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជនដែលជាស្ថាបនិកសន្តិភាព។ តាមរបាយការណ៍របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បាន បញ្ជាក់ថា ឆ្នាំ២០១៩ ជំនន់ទឹកភ្លៀង និងជំនន់ពីប្រទេសថៃ ប៉ះពាល់រួមមាន៖

*២,០១៩គ្រួសារ
*លិចស្រូវ ២៤,៤៦៤ហិកតា
*ដំឡូងមី ៤,៤១១ហិកតា
*ដំណាំរួមផ្សំ ២០ហិកតា
*លិចសាលារៀន១០
*ខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ ២,២៧២ខ្នង (ធ្ងន់ធ្ងរ២៣៧ខ្នង)
*រាំងស្ងួតប៉ះពាល់ ស្រូវវស្សា១៧,៦៤៧ហិកតា នៃផ្ទៃដីបានដាំដុះ២៣៤,៨៧៦ ហិកតា
*អគ្គិភ័យ ១៩លើក ឆេះផ្ទះ ១៩ខ្នង តូបផ្សារអូរអំបិល ៦៨តូប របួស១០នាក់។

ឆ្លើយតបនឹងវិបត្តិ ទាំងនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក សាខាកាកបាទក្រហមខេត្ត អង្គការដៃគូ និងសប្បុរសជន បានសហការដោះស្រាយ ឆ្លើយតបបន្ទាន់ និងស្តាឡើងវិញបានទាន់ពេលវេលា។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ បន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយឱ្យបានសមស្របអនុលោមតាមលិខិត បទដ្ឋានគតិយុត្ត ដែលក្រុមមន្ត្រីបច្ចេកទេសទើបបានបង្ហាញជូនដើម្បីអាចត្រៀមលក្ខណៈប្រតិបត្តិការជួយប្រជាពលរដ្ឋទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យអភិបាលខេត្តចាត់ចែងឲ្យតាមមន្ទីរជុំវិញខេត្ត៖

*ជំរុញការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់គណៈកម្មាធិការត្រួតពិនិត្យក្រុងស្រុក លើការកសាងផែនការ និងការងារបូកសរុបរបាយការណ៍
*បន្តសហការជាមួយអង្គការដៃគូ ដើម្បីចូលរួមគាំទ្រសកម្មភាពពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ
*បន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យទទួលការយល់ដឹងកាន់តែទូលំទូលាយអំពីហានិភ័យគ្រោះមហន្តរាយក្នុងមូលដ្ឋាននីមួយៗ។
*បន្តចលនាសាងសង់ផ្ទះជូនអតីតយុទ្ធជន
*បន្តពិនិត្យលទ្ធភាពអតីតយុទ្ធជន មានដី ពុំមានផ្ទះសមរម្យ
*បន្តចុះសួរសុខទុក្ខ អតីតយុទ្ធជនមានជំងឺ និងជួយឧបត្ថម្ភដល់អតីតយុទ្ធជន ដែលរស់នៅតំបន់អភិវឌ្ឍន៍ការ៉េ ពីរ ឃុំប៉ោយចារ ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ ស.អ.ក.ខេត្ត ត្រូវបន្តធ្វើផ្ទះ ជូនអ្នកមានដី តែអត់ផ្ទះ និងអ្នកមានផ្ទះមិនសមរម្យ៕