រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់ សមភាពយេនឌ័រ»


(ប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរ ស្ថាប័នទូទាំងខេត្ត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨ មីនា ២០២០ ក្រោមប្រធានបទ៖ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅបរិវេណសាលាខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល បានសម្តែងនូវកោតសរសើរ ដល់មន្ទីរកិច្ចការនារី ខេត្ត ដែលបានចូលរួមជាមួយនារី ទូទាំងប្រទេស ដើម្បីរៀបចំពិធីនេះ ក្នុងគោលដៅ រំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឱ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិជាពលរដ្ឋស្មើគ្នាជាមួយបុរស ដើម្បីធ្វើឱ្យជីវិតរស់នៅឈានឆ្ពោះ ទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿងរួចផុតពីភាពងាយរងគ្រោះ។

ឯកឧត្តម ផាន់ ចាន់ថុល បានលើកឡើងថា ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេន ឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួមរបស់បុរស និងស្ត្រីដែលទទួលយកបាននូវសិទ្ធិស្មើគ្នាឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រ យ៉ាងពេញទំហឹងពីរដ្ឋាភិបាលពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូលជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជំរុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យឈាន ទៅរកភាពរីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើងកំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវាខាងលើនេះដែរ ក៏មានគោលបំណងបន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងអរគុណសន្តិភាព។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកសំណូមពរទៅដល់ស្ត្រីទាំងអស់ ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែបញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ពីព្រោះថាស្ត្រី គឺជាឆ្អឹងខ្នងនៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈនេះក៏សូមឱ្យបងប្អូនជាស្ត្រីគ្រប់ៗ គ្រប់រូបត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាសចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយនិងសង្គម។

បើតាមការបញ្ជាក់ពីលោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន តាមសូចនាករឆ្នាំ២០១៩ បានបង្ហាញថា ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៤ មានចំនួន៥២នាក់ ក្នុងនោះស្រីមានចំនួន១២ នាក់ មេឃុំចៅសង្កាត់មានចំនួន០៨នាក់ ក្នុងនោះស្រី្ត មាន២នាក់ ក្រុមប្រឹក្សាក្រុង/ស្រុកមានចំនួន៣០នាក់ ស្រ្តីមាន៥នាក់ គណៈអភិបាលក្រុងមាន០៥ ស្រ្តីមាន១នាក់ គណៈអភិបាលស្រុក៥នាក់ ស្រ្តី១នាក់ ក្រុមប្រឹក្សាខេត្តចំនួន១៥នាក់ ស្រ្តី០៣នាក់ គណៈអភិបាលខេត្តសរុប៥នាក់ មានស្រ្តី១នាក់ ។ ស្ថិតិមន្រ្តីរាជការក្នុងខេត្តប៉ៃលិន សរុប២៣៥៦នាក់ ស្រ្តីមាន៦៥៥នាក់។

ចំណែកសិស្សានុសិស្ស សរុប១៦១១០នាក់ សិស្សស្រីមានចំនួន៧៩៩៣នាក់ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន សរុប៩០នាក់ មានស្រ្តី០៤នាក់ ទីបញ្ជាការតំបន់ប្រតិបត្តិការ សឹងរងប៉ៃលិន ចំនួនកងទ័ពសរុប ២៤៤នាក់ ស្រ្តីមាន១៥នាក់ ស្នងការដ្ឋាននគបាលខេត្តប៉ៃលិន មានមន្រ្តីនគបាលសរុប ៤៦៣នាក់ មានស្រ្តី ៣២នាក់ ផងដែរ៕