ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩


នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ បនប្រល័យពូជសាសន៍ ប៉ុលពត។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា៖

* សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដោយបានចូលរួមមីទ្ទីងអបអរសាទរខួបទី១០៩ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធាន «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ» ដែលរាជរដ្ឋាភិបាល និងសម្រេចជ្រើសរើសក្នុងគោលបំណងបង្ហាញអំពីតម្លៃសុខសន្តិភាពដែល
រកបានដោយលំបាកជាមួយនឹងបាវចនា «អរគុណសន្តិភាព»។

* សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាព ស្រ្តីនិងកុមារ ជាពិសេសការផ្តល់សេវាបានទាន់ពេលវេលាជួយជនរងគ្រោះ ដោយអំពីហឹង្សាប្រកបដោយប្រសិទ្ធិភាពសមធម៌ និងបរិយាបន្ទ។

* សម្តេចតេជោ មានប្រសាសន៍ថា ប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់ យេនឌ័រ» ពិតជាមានអត្ថន័យនិងសារៈសំខាន់ស្របតាមគោលការណ៍ រាជរដ្ឋាភិបាលដែលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ និងការបង្កើន ភាពអង់អាចដល់ស្រ្តីនិងក្មេង៥០% នៃ ចំនួនប្រជាជនសរុប ដើម្បីឱ្យពួកគេក្លាយ សក្តានុពលក្នុងការរួមចំណែក និងសេដ្ឋកិច្ច។

* សម្តេចតេជោ បានលើកឡើងថា ទិវាអន្តរជាតិ៨មីនា នៅថ្ងៃនេះគឺជាការបង្ហាញអំពីគុណសម្បត្តិគ្រប់លក្ខណៈរបស់ស្រ្តី ដែលជាមាតាពិភពលោក ជាមួយនឹងបាវចនា «ជួយស្រ្តី គឺជួយខ្លួនឯង និង «សិទ្ធិស្រ្តី គឺជាសិទ្ធិមនុស្ស»។

* ឆ្នាំ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័រគួរជាទីមោទនៈ ដោយថយចុះពីចំណាត់ថ្នាក់១១២ នៅ ២០១៦ មកចំណាត់ថ្នាក់៨៩ នៅឆ្នាំ២០២០ ក្នុងចំណោមចំនួន១៥៣ប្រទេស។

* កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេស មានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យសុខភាព ហើយអត្រាស្រ្តីចូលរួមរហូតដល់៧៩% ម្ចាស់អាជីវកម្ម៦៥% ជាទោះបី អាជីវកម្មភាគច្រើនក្នុងចំណោម ខ្នាតមីក្រូ និងខ្នាតតូច។

* នៅក្នុងវិស័យអប់រំនៅប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សាទុតិយភូមិមានការលើកឡើង ទាំងបរិមាណនិងគុណភាព។ លទ្ធផលនៃសិស្ស បាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយាភូមិមានចំនួនក្នុងរង្វង់៥០%។

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា រាជរដ្ឋាភិបាលបង្កើនថវិកាជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជាចំនួន៥០០លានរៀលក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវីសម្តេចតេជោសែន ប្រចាំនៅគ្រប់រាជធានីខេត្តទាំង២៥សម្រាប់ជួយស្វែងរកសេវាយុត្តិធម៌ជូនដល់ជនក្រីក្រ ស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហឹង្សាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។

* សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទន្ទឹមនឹងសមិទ្ធផលដែលកម្ពុជាសម្រេចក៏នៅមានបញ្ហាប្រឈម ដែលក្នុងនាមរាជរដ្ឋាភិបាល សូមស្នើស្ថាប័ន ដៃគូអភិវឌ្ឍសង្គមស៊ីវិលវិស័យឯកជនព្រមទាំងប្រជាពលរដ្ឋគ្រប់រូប សូមរួមគ្នាផ្តោតការយកចិត្តទុកមួយចំនួនដូចខាងក្រោម៖

១៖ គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។

២៖ ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឱ្យបានទាន់វេលានូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធអិនធើណិតពាក់ព័ន្ធ នឹងការជួញដូរផ្លូវភេទ។ ត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យឆ្លើយតប នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យបាននៅគ្រប់រាជធានី-ខេត្ត ទាំងអស់ និងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យ លើកិច្ចអន្តរាគមន៍ និងក្មេង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននិមួយៗ។

៣៖ ក្រសួងអប់រំ និងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឲ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំនងជាមួយឪពុកម្តាយ និងអ្នកអាណាព្យាបាល សិស្សឲ្យបានជាប្រចាំ។ ឪពុកម្តាយ និងអ្នកអាណាព្យាបាលគ្រប់រូបគូរយកចិត្តទុកដាក់អប់រំកូនចៅ ប្រុសស្រី ខិតខំរៀនសូត្រមានសីលធម៌ ប្រកាន់ វប្បធម៌អហិង្សា ក្នុងគ្រួសារ និងក្នុងសង្គម។

៤៖ ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិត ជាពិសេសក្នុងមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីដើរឱ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។

៥៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាននិងបណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងរដ្ឋ និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្រ្តី ប្រពៃណីនិងវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀត និងត្រូវពិចារណា អំពីផលប៉ះពាល់និងសេចក្តីថ្លៃថ្នូរ និងក្មេងស្រី។

៦៖ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មី និងសុំកុំឲ្យមានការរើសអើង ជាពិសេសចំពោះស្រ្តីផ្សព្វផ្សាយស្រាបៀររួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

៧៖ នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហា កូវីដ១៩ ទោះបីនៅប្រទេសកម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា
ដែលទាក់ទងនឹងមេរោគនេះក៏ដោយ, ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើស នៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារ ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ៕ សូមរួមគ្នាកុំទុកអ្នកណាម្នាក់ឲ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍ៕