ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១នៃកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី និងលំដាប់ថ្នាក់ពិភពលោក


យោងតាមតារាងពិន្ទុដែលអង្គភាពព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកូនស្រីទី២របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយបន្តឈរនៅកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia’s Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ទទួលបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។

លទ្ធផលសម្រាប់ការប្រកួតប្រជែងនៅតំបន់អាស៊ីទទួលបានពិន្ទុ ១៤,០៩៧ ហើយនៅកំពូលតារាងលើពិភពលោកជាមួយពិន្ទុ ១៤,០៩៧ ខណៈលេខ២ និងលេខ៣ បានទៅលើប្រទេសចិន។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics Hall of Fame» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។ លទ្ធផលនេះក៏បានលើកតម្លៃអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

តាមរយៈសមត្ថភាពលេចធ្លោរលើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះធ្លាប់ជាប្រទេសរស់នៅក្រោម អាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជាក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិនៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ល្អខ្ពស់លើសគេផងដែរ៕