ឯកឧត្តម យឹម ឆៃលី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តខេត្តកំពង់ចាម


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ចាម ដែលបានដំណើរការក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់០៥ ខែមីនាឆ្នាំ២០២០ត្រូវបានរៀបចំពិធីបិទនៅល្ងាចថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម។

ពិធីបិទស្និបាតនេះក៏មានការអញ្ជើញចូលរួមពីឯកឧតត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត និងឯកឧត្តមលោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ  ចៅសង្កាត់ និងអង្កការសង្គមស៊ីវិលផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ខេត្តកំពង់ចាមបានចូលរួមសហការការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសណ្ដាប់ ធ្នាប់សង្គមជូនសង្គមជាតិ និងប្រជាពលរដ្ឋបានល្អប្រសើរ។ ការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានអនុវត្តន៍នយោបាយសំខាន់ៗប្រកបដោយនិរន្តរភាពការងារនៃការអនុវត្តតួនាទីភារកិច្ចសម្រាប់ដឹកនាំ ថ្នាក់ក្រោមជាតិប្រកបដោយចីរភាពតាមវិស័យការងារដូចជា ការងារអត្រានុកូលដ្ឋាន ការងារធ្វើអត្តសញ្ញាណកម្មគំរូថ្មី ការប្រយុទ្ធប្រឆាំងគ្រឿងញៀន យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកការងារភូមិឃុំមានសុវត្ថិភាព និងសភាពការណ៍នយោបាយសន្តិសុខសង្គម ត្រូវបានពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់។

ថ្លែងក្នុងពិធីបិទអង្គសន្និបាត ឯកឧត្តម យឹម ឆៃលី បានមានប្រសាសន៍ កោតសរសើរដល់ក្រុមការងារទូទាំងខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋបានល្អ ក្នុងការងារអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅតាមមូលដ្ឋានមូលដ្ឋាន។ យើងត្រូវរួមគ្នាបន្តការដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបន្តទៀត ក្នុងនោះរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំវេទិកាសាធារណៈ ដើម្បីឈ្វេងយល់ពីតម្រូវការ និងដោះស្រាយសំណូមពរបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តម យឹមឆៃលី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយក្នុងសង្គមធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសង្គម ពិសេសការធានាបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ។ ដូច្នេះយើងរួមគ្នាថែរក្សាសុខសន្តិភាព ហើយត្រូវអរគុណសុខសន្តិភាព និងរួមគ្នាកម្ចាត់រាល់ការប៉ុនប៉ងទាំងឡាយរបស់ក្រុមអគតិដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងកម្លាំងរបស់ខ្លួនឱ្យបានរឹងមាំ ក្នុងនោះរួមគ្នាថែរក្សាសុខសន្តិភាពជូនដល់សង្គមជាតិ និងប្រជាពលរដ្ឋ ។ ត្រូវទប់ស្កាត់ឱ្យបានដាច់ខាតរាល់ការធ្វើបដិវត្តន៍ពណ៌ណាមួយពីជនអគតិណាមួយដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើឱ្យប្រទេសជាតិមានអសន្តិសុខ។ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមមូលដ្ឋាន។ ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចូលរួមអប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ព្រោះឆ្នាំ២០២០ជាឆ្នាំដែលអនុវត្តន៍ច្បាប់ចរាចរណ៍ដោយតឹងរ៉ឹងដោយមិនលើកលែងឡើយ ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កើនជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ៕