ពិធី​អបអរសាទរ ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ នារី ៨មីនា


រាជធានី ភ្នំពេញ៖ គណ:​គ្រប់គ្រង​នៃ​សាលា​មធ្យម​សិក្សា​គរុកោសល្យមត្តេយ្យមជ្ឈឹម បាន​រៀប​ចំ​កម្មវិធី អបអរសាទរ​ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ដើម្បី​រម្លឹក​ខួប​ស្ដីពី​ការ​តស៊ូ​របស់​នារី​ទូទាំង សាកល​លោក ក្នុង​ការ​ទាមទារ សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ភាព​ស្មើគ្នា​រវាង បុរស និង​ស្រ្តី ក៏​ដូចជា​លើក ទឹក​ចិត្ត​ដល់​អ្នក​គ្រូៗ និង​គរុ​សិស្ស​ជា​ស្ត្រី​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​វិស័យ​អប់រំ យុវជន និង កីឡា។

​ពិធី​អបអរ​សាទរ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​បាន​កោត​សរសើរ ថ្លែង​អំណរគុណ និង​លើក​ទឹក​ចិត្ត​ដល់​គណ:​គ្រប់គ្រង​សាលា ព្រម​ទាំង​គរុសិស្ស​ដែល​ភាគ​ច្រើន​គឺ​ជា​ស្ត្រី ក្នុង​ការ​បំពេញ​ការងារ​កន្លង​មក​ប្រកប​ដោយ​ជោគជ័យ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ឯកឧត្ដម​បាន​មាន​ប្រសាសន៍​បន្ត​លើក​ទឹកចិត្ត​ដល់​គរុសិស្ស​មត្តេយ្យ​ទាំង​អស់​ថា​ការ​សាង​សង់​អាគារ​មួយ​ឱ្យ​រឹងមាំ​ឡើង​បាន​លុះត្រា​តែ​យើង​សាងសង់​មូលដ្ឋាន​គ្រឹះ​ឲ្យ​បាន​រឹងមាំ​សិន។ឯ​គ្រូ​បង្រៀន​វិញ​មិន​សំខាន់​បង្រៀន​នៅ​កម្រិត​ណា​ទេ សំខាន់​គឺ​ត្រូវ​ចេះ​ឲ្យ​ច្បាស់ ដូច្នេះ​គ្រូមត្តេយ្យ​សិក្សា គឺ​ពិត​ជា​ធនធាន​មួយ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ការ​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​ដល់​កុមារ​ទាំងឡាយ​ឲ្យ​បាន​សម្រេច​គោលដៅ​ក្នុងការ​សិក្សា​ដោយ​ជោគជ័យ ទៅ​ថ្នាក់​​លើ​ទៀត។

បន្ទាប់​ពី​ការ​សំណេះសំណាល​ចប់ ឯកឧត្ដម​បណ្ឌិត​ក៏​បាន​ជូន​នូវ​ប័ណ្ណ​សរសើរ​ជូន​ដល់ គរុ​សិស្ស​ដែល​ជា​ជំនួយ​ការ​អប្បមាទ និង​ក្រុម​សិល្បៈ មត្តេយ្យ​មជ្ឈឹម​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ក្នុង​ពេល​បំពេញ​ការងារ​កន្លង​មក​ផង​ដែរ៕

០៧ មីនា ២០២០ | សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម