អភិបាលខេត្តកំពង់ចាម៖ លោកគ្រូអ្នកគ្រូជាមាតាបិតាទី២ ជាអ្នកផ្ដល់ចំណេះដឹង ដែលសិស្សគ្រប់គ្នាត្រូវតែចងចាំ


(កំពង់ចាម)៖ នាឱកាសប្រារព្ធពិធីរំលឹកគុណគ្រូ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅវត្តមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទីពីរ ដែលសិស្សានុសិស្ស ក៏ដូចជាពលរដ្ឋទាំងអស់គ្នាគួរតែចងចាំ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ពិធីរំលឹកគុណគ្រូដែលបានធ្វើនៅពេលនេះ គឺជាការប្រសើរណាស់ ដែលលោកគ្រូអ្នកគ្រូត្រូវបានចាត់ទុកថាជាមាតាបិតាទី២ របស់សិស្សានុសិស្សទាំងអស់គ្នាគួរតែចងចាំ ជាពិសេសគឺគ្រូនៅថ្នាក់បឋមសិក្សានេះតែម្ដង ព្រោះថាចំណេះដឹងបាតគ្រឹះ ដែលធ្វើឱ្យសិស្សាសិស្សទាំងអស់មានចំណេះដឹងខ្ពង់ខ្ពស់ទៅបាន គឺផ្ដើមចេញពីសាលាបឋមសិក្សានោះឯង។

ដូច្នេះបើទោះជាយើងមានចំណេះដឹងរហូតមានការងារធ្វើខ្ពង់ខ្ពស់ សូមកុំភ្លេចលោកគ្រូអ្នកគ្រូនៃថ្នាក់បឋមសិក្សា ដែលជាប្រភពចំណេះដឹងដំបូងដែលសិស្សទទួលបាន។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យសិស្សានុសិស្សត្រូវចេះសេពគប់មិត្តភក្កិ ដែលនាំគ្នាខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ហើយពេលនៅផ្ទះត្រូវចេះជួយធ្វើកិច្ចការឪពុកម្ដាយផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា សមិទ្ធផលទាំងឡាយ និងសេចក្តីសុខសាន្តដែលកំពុងមានសព្វថ្ងៃនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានភាពចម្រុងចម្រើនជឿនលឿនតទៅជំនាន់ក្រោយៗទៀត៕