ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផល ក្នុងវត្តសំរោងទួលឡោ ស្រុកបារាយណ៍ដែលប្រើបច្ច័យកសាងជាង១៥ម៉ឺនដុល្លារ


(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនៅវត្តសំរោងទួលឡោ ស្ថិតក្នុងឃុំចុងដូង ស្រុកបារាយណ៍ ដែលប្រើបច្ច័យកសាងប្រមាណជាង១៥ម៉ឺនដុល្លារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បើគ្មានសន្តិភាព ប្រជាពុទ្ធបរិស័ទក៏គ្មាន ឱកាសប្រកបការងារ រស់រានដូចសព្វថ្ងៃនេះឡើយ ដូច្នេះមានតែសន្តិភាពទេ ដែលធ្វើឱ្យប្រជាពលរដ្ឋមានឱកាស បានធ្វើបុណ្យធ្វើទាន បានចូលរួមកសាងសមិទ្ធផល គោរពប្រតិបត្តិតាមសាសនា និងជួយទំនុកបម្រុងព្រះពុទ្ធសាសនាដូចគ្រានេះជាដើម។

ឯកឧត្តមបានបន្តថា ក្រៅពីរស់នៅក្នុងសន្តិភាព ប្រជាពលរដ្ឋក៏ត្រូវថែរក្សាការពារសន្តិភាពនេះ ឱ្យនៅគង់វង្សយូរអង្វែងផងដែរ។ ក្រៅពីនោះក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់នូវអនាម័យជាប់ជានិច្ច។

ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកបាន និងកំពុងជួបប្រទះវិបត្តិជំងឺ Covid-19 ហើយបានរាលដាលមកដល់កម្ពុជា លើខ្លួលពលរដ្ឋខ្មែរម្នាក់ នៅទីរួមខេត្តសៀមរាប ប៉ុន្តែមិនទាន់មានដំណឹងថា ឆ្លងទៅកន្លែងផ្សេងទៀតនោះទេ ខណៈវាកំពុងរីករាលដាលទៅគ្រប់ខេត្តនៃប្រទេសចិន និងទៅកាន់ពិភពលោក៨៩ ប្រទេសផ្សេងទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប អាមេរិក មជ្ឈិមបូព៌ាជាដើម។

ទោះបីជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីបានផ្ដាំហើយផ្ដាំទៀត សូមកុំឱ្យប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាចខ្លាំងពេក ចំពោះអ្នកនៅជុំវិញខ្លួន តែត្រូវមានអនាម័យ និងប្រុងប្រយ័ត្នចំពោះសុខភាពជាប់ជាប្រចាំ។

ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន បានបង្គាប់ប្រាប់មេភូមិ មេឃុំ អាជ្ញាធរមូលដ្ឋាននៅស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវតាមដានពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសចាប់ពីពេលនេះទៀត ត្រូវរាយការណ៍ពីអាការក្ដៅខ្លួន របស់ពលរដ្ឋទៅដល់គ្រូពេទ្យ ដើម្បីការពារភូមិដ្ឋានពីជំងឺ Covid-19។

សូមជម្រាបថា ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនៅវត្តសំរោងទួលឡោនោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី ញឹក ស៊ីម ថោងខុន បានចូលបច្ច័យកសាង ១០លានរៀល និង ១ម៉ឺនដុល្លារ ព្រមទាំងជូនយាយជីតាជីចំនួន ៧០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល។ ក្រៅពីនោះសប្បុរសជននានាបានចូលរួមបច្ច័យប្រមាណ ៤៥ម៉ឺនរៀល និង៣០ដុល្លារ ចំណែករដ្ឋបាលស្រុកបារាយណ៍ក៏បានចូលបច្ច័យ១លានរៀលផងដែរ សរុបចំនួនបច្ច័យដែលទទួលបាននាឱកាសនោះមានចំនួន ១១,៤៥០,០០០រៀល និងជាង១ម៉ឺនដុល្លារ៕