សម្តេចតេជោ ហ៊ុន សែន៖ គ្មានការរំសាយចោលបុណ្យទន្លេ នៅខេត្តបាត់ដំបង ព្រោះតែភ័យខ្លាច Covid-19 នោះឡើយ


(ពោធិ៍សាត់)៖ ថ្លែងចេញពីខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានឡើយការរំសាយចោល នូវការប្រារព្ធបុណ្យទន្លេនៅខេត្តបាត់ដំបងនោះឡើយ ពោលបុណ្យទន្លេ នៅតែប្រព្រឹត្តទៅដូចការគ្រោងទុក នៅចុងសប្តាហ៍នេះ។

ការបញ្ជាក់យ៉ាងដូច្នេះ របស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានការលើកសំណូមពរ លើកពេលធ្វើបុណ្យទន្លេ ដោយសារភ័យខ្លាចការរីករាលដាលជំងឺ Covid-19 ក្រោយមានការរកឃើញជំងឺ កើតលើជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅតែអញ្ជើញក្នុងពិធីបើកបុណ្យទន្លេហើយនោះ សម្តេចក៏គ្រោងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅខេត្តបាត់ដំបងថែមទៀតផង។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះលើកសំណូមពរ ឲ្យខ្ញុំរំសាយចោលបុណ្យទន្លេនៅខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ក្រោយនេះ ខ្ញុំនឹងមិនលើកទេ ខ្ញុំនឹងទៅទីនោះ ហើយទៅមិនមែនកញ្ឆក់កណ្តៀតទេ ព្រឹកថ្ងៃសៅរ៍ ខ្ញុំចេញទៅ [ពីភ្នំពេញ] ហូបបាយនៅនោះ នឹងមានការជួបសំណេះសំណាលជាមួយមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ»

សូមជម្រាបថា ពីធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។

ពិធីបុណ្យទន្លេឆ្នាំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុក ជាជម្រុកស្រូវរបស់ប្រទេសកម្ពុជា ជាទីក្រុង បេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូល ក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្ដុំ ទៅដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ។

លើសពីនោះទៀត មានចម្ការទំពាំងបាយជូរ និងសំបូរទៅដោយ រមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌសំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត៕