វគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៦៦ បានប្រារព្ធបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិការគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មការកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៦៦ នៅស្នាក់ការគណបក្សរាជធានីភ្នំពញ ថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា ការអប់រំនយោបាយដល់មន្ត្រីគណៈបក្ស គឹជាគោលការណ៍ចំបងមួយដែលគណៈបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមកនៅក្នុងសម័យតស៊ូ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ។ វគ្គអប់រំនយោបាយ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលពុំអាចខ្វះបានឡើយ ។

ទន្ទឹមនេះលោកជំទាវកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា ដើម្បីដឹកនាំប្រទេសបាន គណបក្សត្រូវតែធានានូវភាពរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រោះថា បេសកកម្មដែលប្រជាជនប្រគល់ឲ្យគណបក្សត្រូវបំពេញ មានទំហំធំធេង និងលំបាកស្មុគស្មាញណាស់ ក្នុងនោះ ភាពរឹងមាំនៃជួរមន្រ្តីគណបក្សមានសារៈសំខាន់ចាំបាច់ជាគន្លឹះ ដើម្បីធានាជោគជ័យនៅគ្រប់ដំណាក់កាល។ ជាមួយគ្នានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគូសរំព្ញកឲ្យដឹងថា ជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺអាស្រ័យដោយគណបក្សយើងមានកម្មវិធីនយោបាយត្រឹមត្រូវ , មានអង្គការចាត់តាំងគ្រប់ថ្នាក់រឹងមាំ , មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ខិតខំសម្រេចភារកិច្ចបម្រើប្រជាជន , មានជួរមន្រ្តីប្រកបដោយសមត្ថភាព និងអត្តចរិត សីលធម៌ល្អប្រពៃ ដែលធ្វើឲ្យប្រជាជនគាំទ្រ និងមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយរបស់យើងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានណែនាំនូវចំណុចសំខាន់ៗមួយចំនួនដល់វគ្គសិក្សារួមមាន ៖

១. សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធនឹងវគ្គសិក្សានេះឲ្យបានល្អ និងឲ្យមានប្រសិទ្ធភាព ក្នុងការកសាងពង្រឹងធនធានមនុស្សរបស់គណបក្ស ។

២. សូមគណៈគ្រប់គ្រងវគ្គយកចិត្តទុកដាក់ដឹកនាំ និងគ្រប់គ្រងការសិក្សាឲ្យបានល្អ និងឲ្យទទួលបានលទ្ធផលខ្ពស់ស្របតាមកម្មវិធីដែលបានគ្រោងទុក ។

៣. សូមឯកឧត្តមជាគ្រូឧទ្ទេសនាម យកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹងផ្ទាល់ខ្លួន ផ្ទេរទៅឲ្យសិក្ខាកាមដែលជាអ្នកបន្តវេន ជាអ្នកកសាង និងអភិវឌ្ឍគណបក្សទៅអនាគត ។

៤. សូមសិក្ខាកាមទាំងអស់អត់ធ្មត់ ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យរបស់វគ្គ សាមគ្គីជិតស្និទ្ធរវាងសិក្ខាកាម និងសិក្ខាកាម សាមគ្គីល្អជាមួយមន្រ្តី បុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាកិត្តិយសសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលយើងកំពុងបំពេញភារកិច្ច ។