ឯកឧត្តម អ៊ឹម ឈុនលឹម ចាត់ទុកនារីជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញដំណើរការការងារដ៏មានប្រសិទ្ធភាព របស់ស្ថាប័នរដ្ឋ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញក្រកម្ពុជា បានចាត់ទុកថា នារីជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញដំណើរការការងារ ដ៏មានប្រសិទ្ធភាពរបស់ស្ថាប័ន។

ការលើកឡើងបែបនេះ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានធ្វើឡើងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី អបអរសាទរទិវាអន្តរជាតិ នារី ៨ មីនា ខួបលើកទី១០៩ និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០ របស់គណៈកម្មការកិច្ចការនារី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានចាប់អារម្មណ៍ថា ក្រុមប្រឹក្សាធម្មនុញ្ញ មិនត្រឹមតែជាស្ថាប័នកំពូលរបស់រដ្ឋ ដែលមានសមត្ថកិច្ច ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយ រដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ និងដោះស្រាយវិវាទការបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងមានកាតព្វ កិច្ចការពារការអនុវត្តរាល់បញ្ញត្តិដែលទាក់ទងនឹងសិទ្ធិរបស់ពលរដ្ឋខ្មែរទូទៅ ពិសេសការពារសម ភាពរវាងបុរស និងស្ត្រី ដូចមានចែងក្នុងជំពូក៣ នៃរដ្ឋធម្មនុញ្ញ ស្តីពីសិទ្ធិនិងករណីកិច្ចរបស់ពលរដ្ឋខ្មែរ ហើយដែលសង្កត់ធ្ងន់នៅក្នុងមាត្រា៣១ ក៏ដូចជាមាត្រាទាំង២០ នៅក្នុងជំពូកនេះ ដែលទាក់ទងនឹងសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី ទាំងសិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម សិទ្ធិស៊ីវិល សិទ្ធិនយោបាយ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបន្តថា អាស្រ័យហេតុនេះ គឺក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រទាំងស្រុងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យេនឌ័រ និងការផ្តល់ភាពអង់អាច ដល់ស្ត្រី និងក្មេងស្រី ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងបន្តរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹមថា ទៅអនាគតកម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ស្របតាមគោលដៅទី៥ នៃកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបន្ថែមទៀតថា មន្រ្តីរាជការជានារីទាំងអស់នៅក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានផ្ដល់ឱកាស និងលើកទឹកចិត្តក្នុងការបំពេញការងារស្នូល និងការងារសង្គមកិច្ចប្រកបដោយសមភាព តម្លាភាព និងប្រសិទ្ធភាព ហើយតួនាទី របស់មន្ត្រីរាជការជានារីនៅក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានលើកកម្ពស់ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយសមធម៌ និងសមភាពយេនឌ័រជាមួយបុរស។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបញ្ជាក់ថា មន្រ្តីរាជការជាស្រ្តីចំនួន ៧៥.៨៦ % ត្រូវបានទទួលតួនាទីដឹកនាំនៅក្រុមប្រឹក្សាធម្មនុញ្ញ បើធៀបនឹងមន្រ្តីរាជការជាស្រ្តីសរុបក្នុងស្ថាប័ន។ នេះជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំស្ថាប័នក្នុងការលើកកម្ពស់តម្លៃ សមភាពយេនឌ័រឱ្យមានសក្ដានុពលថែមទៀត ទាំងសិទ្ធ និងអំណាចក្នុងការបំពេញតួនាទីបម្រើ ឱ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ សង្គមជាតិ និងប្រជាជនដែលនេះជាគោលនយោបាយមួយ ស្ថិតក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងជាកិច្ចឆ្លើយតបនឹងអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី៕