អភិបាលខេត្តរតនគិរីអញ្ជើញបើកការប្រកួតកីឡាសិស្សបឋម សិក្សា.មធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ ២០១៩.២០២០


ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា.មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តរតនគិរីលើប្រភេទ កីឡាបាល់ទាត់បាល់ទះ បាល់បោះ និងអត្តពលកម្មបុរសនារីឆ្នាំ២០១៩.២០២០ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នៅទីលានបាល់ទាត់សាលាបឋមសិក្សាឡាបានសៀក ស្ថិតក្នុងក្រុងបានលុង ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិ
បាលខេត្តនិងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំខេត្តលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រតិភូដឹកនាំកីឡាករកីឡាការីនីសិស្សនុសិស្សមកពីស្រុក/ក្រុងទាំង៩ក្នុងខេត្តរតនគិរី។

តាមរបាយការណ៍ស្វាគមន៍របស់លោក ឈីវ គឹមសាយ អនុ
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរីបានអោយដឹងថា ប្រភេទកីឡាដែលត្រូវប្រកួតរួមមានបាល់ទាត់,បាល់ទះ,
បាល់បោះនិងអត្តពលកម្មដោយមានកីឡាករកីឡាការនីចូលរួមប្រកួតចំនួន៨១០នាក់។

មានប្រសាសន៍បើកការប្រកួតឯកឧត្តម ថង​សាវុន បានថ្លែងថាៈកីឡាករកីឡាការិនី គឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្ត
ភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករនិងគូរប្រកួតមានឳកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយ ភាពអស
កម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ឯកឧត្តមថងសាវុនក៏បានផ្តាំផ្ញើផងដែរដល់គណៈកម្មការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ សូមសហ
ការគ្នាអោយបានល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាក្នុងពេលនេះអោយទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសអោយក្រុង/ស្រុកនិមួយៗរបស់ខ្លួនផងដែរ។

ឯកឧត្តម ថងសាវុន ក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងក្រុងបានលុងត្រូវយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពអោយបានល្អដល់ក្រុមកីឡាកករ កីឡានីទាំងអស់ដែលបានមកប្រកួតនៅក្នុងក្រុងខេត្តរតនគិរី៕