នាយឧត្តមសេនីយ៍ មាស សុភា ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ ត្រូវខិតខំថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២០ឲ្យបានល្អប្រសើរ


(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ ត្រូវខិតខំបន្ថែមទៀត ពិសេសក្នុងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យកាន់តែល្អប្រសើរ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នាឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់សំខាន់ដូចខាងក្រោម៖

*ត្រូវចូលរួមថែរក្សាសុខសន្តិភាព «អរគុណសន្តិភាព» ចូលរួមអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ដោយធ្វើការកែទម្រង់ខាងក្នុង និងអនុវត្តអភិក្រម៥គឺដុសក្អែល មុជទឹក ឆ្លុះកញ្ចក់ ព្យាបាលនិងវះកាត់។ លោកបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវគុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការពង្រឹង ការពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្របកដោយចីរភាពនិងភាពសុខដុមរមនាក្នុងសង្គម»។

*លើមូលដ្ឋាននេះ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋានតាមមូលដ្ឋាន ដាក់ចេញនូវវិធានការនានា ទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបង្ករអសន្តិសុខ ភាពចលាចលវឹកវរដល់សង្គមតាមគ្រប់រូបភាព ត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត ចលនាឧទ្ទាមនិងសកម្មភាពបដិវត្តពណ៍។ ទន្ទឹមនេះត្រូវរួមគ្នាបង្កាទប់ស្កាត់ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាព សកម្មភាពនិងការផ្សព្វផ្សាយពត៍មានមិនពិត ការញុះញង់ អុជអាល ប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចលវឹកវរ អសន្តិសុខក្នុងសង្គម។

*បន្តជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូល ដ្ឋានរបស់ខ្លួន ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។

*ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់នគរបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានាព្រមទាំងការចុះជួយដោះស្រាយ ការលំបាកនានារបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងចលនាគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា ឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងធ្វើឲ្យមនុស្សស្លាប់ និងរងរបួសមានការកើនឡើងយ៉ាងគំហុក ប៉ះពាល់ដល់អាយុជីវិតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាជនជាច្រើន។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសកំណត់យកឆ្នាំ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ឱ្យបានម៉ឺងម៉ាត់បំផុតសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិប្បរមា។ ហេតុនេះកងកម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យតឹងរឹងបំផុត ដោយមិនត្រូវមានការយោគយល់ និងលើកលែងនោះឡើយ។ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលចរាច រណ៍ដើរទន្ទឹមនឹងការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំង អស់ត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

អាជ្ញាធរខេត្ត ត្រូវដឹកនាំមន្ទីរអង្គភាពជំនាញពិនិត្យ ការរៀបចំដាក់តាំងស្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈនានាឲ្យមានសណ្ដាប់ធ្នាប់ ដោយត្រូវផ្ដល់អាទិភាពជាចម្បង ដល់ការតាំងស្លាកសញ្ញាចរាចរណ៍ នឹងខិតខំរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ រៀបចំចំណតយានយន្តដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។ នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានបំពាក់មេដាយប្រគល់បណ្ណ័សរសើរនិងថវិកាដល់មន្ត្រីសាលាខេត្ត ដល់លោកមេឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃផងដែរ៕