បង្ការ COVID-19៖ សម្តេចតេជោ ជំរុញមន្រ្តីពង្រឹងការត្រួតពិនិត្យខាងវេជ្ជសាស្រ្ត ពង្រឹងសេវាលេខ១១៥ ប្រឆំាងព័ត៌មានក្លែងក្លាយ និងជំងឺភ័យខ្លាច


(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញមន្រ្តីសុខាភិបាលពង្រឹងការត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរ ចូលមកកម្ពុជាឲ្យបានហ្មត់ចត់។ សម្តេច បានអំពាវនាវដល់ពលេរដ្ឋដែលបានស្និទ្ធស្នាល ជាមួយជនជាតិជប៉ុន មកពិនិត្យសុខភាព និងសហការជាមួយសមត្ថកិច្ច ដើម្បីការពារសុខភាពខ្លួនឯង និងសុខភាពអ្នកដទៃ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងសុខាភិបាលពិនិត្យមើលគុណសេវាទូរសព្ទលេខ១១៥ ឲ្យមានគុណភាពល្អ និងមានការទទួលខុសត្រូវពីព្រោះ មិនត្រូវមានករណីពលរដ្ឋទូរសព្ទចូលមកសួរ បែរជាគ្មានអ្នកលើក ឬកុំរុញដាក់គ្នាពេលពលរដ្ឋទាក់ទងទៅនោះឡើយ។

សម្តេចប្រមុខរដ្ឋាភិបាល ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវជៀសវាងបានការរើសអើងពលរដ្ឋនៅខេត្តសៀមរាប។ ពិតណាស់កម្ពុជាមិនមានការរើសអើងនោះទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្នពីករណីនេះ ពីព្រោះប្រទេសខ្លះបានផ្តើមរើសអើង។ សម្តេចតេជោ ហ៊ុន នៅតែបន្តអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាចជ្រុលពីបញ្ហានេះ ហើយជឿជាក់លើសេវាសុខាភិបាលកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់ពលរដ្ឋប្រយុទ្ធនឹងបញ្ហាពីរ ទាក់ទងជំងឺកូរ៉ូណានេះ គឺ ប្រយុទ្ធប្រឆំាងនឹងព័ត៌មានក្លែងក្លាយ និងជំងឺភ័យខ្លាច ដែលគ្រោះថ្នាក់ជាងកូរ៉ូណាទៅទៀត៕