កណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីមន្ទីរជំនាញជុំវិញខេត្ត រួមជាមួយលោកអភិបាលស្រុក-ក្រុងទាំង១១ បានចុះពិនិត្យការរៀបចំ ត្រៀមការការពារ ក្នុងករណីមានអ្នកឆ្លងជំងឺCovid-19 នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានឲ្យដឹងថា ខេត្តកណ្ដាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺCovid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងបន្ទប់សម្រាប់អ្នកជំងឺ ឲ្យនៅកន្លែងដែលមានសុវត្ថិភាព និងមិនអាចទៅចម្លងអ្នកដទៃបាន និងធ្វេីការពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែកជ័យជំនះនេះផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់អភិបាល ស្រុក-ក្រុង ទាំងអស់ត្រូវត្រៀមឧបករណ៍ បន្ទប់ និងពេទ្យនៅតាមមន្ទីរពេទ្យបង្អែក ក្នុងមូលដ្ឋានរបស់ខ្លូន ដេីម្បីត្រៀមទទួលអ្នកជំងឺ ក្នុងករណីមានអ្នកឆ្លងជំងឺរលាកសួតថ្មីcovid-19។
ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ហេីយបើសិនបងប្អូននៅតាមមូលដ្ឋានមានការសង្ស័យដូចជាកម្តៅក្នុងខ្លួុនក្តៅលើសពី37អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និងមន្ទីរពេទ្យដែលនៅជិត ដែលមានឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មកទល់ពេលនេះ នៅខេត្តកណ្តាលមិនទាន់មានវត្តមានជំងឺCovid-19នៅឡើយទេ។
ជាមួយគ្នានោះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានស្នេីដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ នូវព័ត៌មានដែលកំពុងមានជាក់ស្ដែង និងត្រូវនាំគ្នាយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលទទួលបានពីប្រភពមិនច្បាស់លាស់ ដែលការផ្សាយនោះធ្វើឱ្យសាធារណជនមានការយល់ច្រឡំ មានការភ័យខ្លាចនៅក្នុងខេត្តក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលផងដែរ៕