អ្នកជំនាញការអាជ្ញាធរជាតិអប្សរា បើកការជួសជុលប្រាសាទទន្លេស្ងួត នៅដំណាក់កាលទី២


(សៀមរាប)៖ បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១ លើកម្មវិធីសិក្សាស្រាវជ្រាវឯកសារចុះបញ្ជីថ្មរាយប៉ាយ រកថ្ម និងរៀបផ្គុំសាកល្បង ធ្វើសម្រង់ប្លង់ និងការរុះរើថ្ម (តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ) រួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។

លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួត បានឱ្យដឹងថា ចំពោះហានិភ័យដែលនាំឱ្យប្រាសាទនេះប្រឈមនឹងការរលំបាក់នោះ គឺដោយសារកត្តាទឹក ដើមឈើ និងអាយុកាលសំណង់ ជាពិសេសគ្រឹះប្រាសាទចុះខ្សោយ ហើយតួប្រាសាទទ្រេតខ្លាំងទៅជ្រុងខាងលិច (លើសពី១៥ដឺក្រ) ថ្មរចនាសម្ពន្ធជញ្ជាំង និងដំបូលស្ទើរតែទាំងអស់បានរំកិលចេញពីស្ថានភាពដើម (ប្រហោងចន្លោះពី ៥-៤៥សង់ទីម៉ែត្រ) ចំណែកថ្មជញ្ជាំង និងដំបូលមួយភាគធំត្រង់ជ្រុងអាគ្នេយ៍ និងពាយ័ព្យរលុះធ្លាក់ដល់ដី។

បន្ទាប់ពីសិក្សាវាយតម្លៃផ្នែកស្ថាបត្យកម្ម តម្រូវឱ្យក្រុមការងារសម្រេចអនុវត្តការជួសជុលជាបន្ទាន់ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងអនុសាសន៍ពីអ្នកជំនាញការ Ad hoc របស់អង្គការយូណេស្កូ (UNESCO) ដែលអនុញ្ញាតឱ្យរុះរើ និងរៀបផ្គុំឡើងវិញចាប់ពីដំបូលរហូតដល់គ្រឹះប្រាសាទ ហៅថា Anastylosis។

លោក សារិទ្ធ បន្តថា ដើម្បីសង្គ្រោះប្រាសាទឱ្យមានលំនឹងស្មើឡើងវិញ យើងត្រូវជួសជុលពង្រឹងគ្រឹះ ខឿន និងតួប្រាសាទឡើងវិញ ដោយគោរពទៅតាមលក្ខណៈបច្ចេកទេស និងសម្ភារបុរាណ។ ដូច្នេះទើបក្រុមការងារមិនបានរើផ្នែកគ្រឹះទាំងស្រុងទេ ដោយរើថ្មជាផ្នែកៗ សម្អាតកំណកដី រួចផ្លាស់ប្តូរចេញនូវថ្មពុកផុយ និងទំហំតូចស្តើង ហើយដាក់ជំនួសវិញនូវថ្មថ្មីដែលមានទំហំធំ និងគុណភាពល្អ។

ទន្ទឹមគ្នានេះ ក្រុមការងារបានរៀបផ្គុំសាកល្បងនូវថ្មស្រទាប់ក្រោមបង្អស់ ដោយប្រើនូវស្នៀតឈើសម្រាប់កល់ ឬលើកកម្ពស់ថ្មឱ្យត្រូវគ្នាទៅតាមលំនាំដើមវិញ ហេតុនេះហើយទើបក្រុមការងារមិនអាចរើថ្មអស់ទាំងស្រុង គឺដើម្បីរក្សានូវកម្រិតកម្ពស់ដើម និងទីតាំងដើមរបស់ថ្មនីមួយៗ។

បន្ទាប់ពីរៀបផ្គុំស្រទាប់ទី១ រហូតដល់ស្រទាប់ទី៣ និងស្រទាប់បន្តបន្ទាប់ត្រូវតាមលំនាំដើមរួចរាល់ ក្រុមការងារត្រូវរុះរើថ្មរហូតដល់ស្រទាប់ទី១ចេញវិញ ហើយត្រូវប្តូរថ្មគ្រឹះបាយក្រៀមពុកផុយ និងទំហំតូចស្តើងចេញ ហើយដាក់ថ្មថ្មីដែលមានទំហំធំជាងមុន តាមអនុសាសន៍របស់អ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ។

ចំពោះកំណាយសិក្សាគ្រឹះប្រាសាទ និងស្រាវជ្រាវ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ការធ្វើកំណាយនេះគឺមានប្រយោជន៍ ដើម្បីសិក្សាអំពីការរៀបចំគ្រឹះប្រាសាទ មូលហេតុដែលនាំឱ្យប្រាសាទស្រុត និងរបៀបនៃការសាងសង់ប្រាសាទ។

ជាលទ្ធផលបានបង្ហាញថា ប្រាសាទទន្លេស្ងួតមិនបានសង់នៅលើដីធម្មជាតិនោះទេ។ ផ្ទុយទៅវិញ គេបានលើកដីមកពូនឱ្យខ្ពស់ដល់កម្ពស់ដែលគេចង់បាន បន្ទាប់មក គេបានកាប់ដីទួលនោះជារណ្តៅដែលមានប្រវែងបណ្តោយ និងទទឹងវែងជាងតួប្រាសាទ និងកម្រាលព័ទ្ធជុំវិញពីខាងក្រៅប្រាង្គប្រមាណ ១.៥០ម៉ែត្រ។ នៅក្នុងរណ្តៅគ្រឹះនេះ គេបានបំពេញស្រទាប់ដីខ្សាច់ ដែលបង្ហាប់ឆ្លាស់គ្នាជាមួយស្រទាប់ដីឥដ្ឋលាយខ្សាច់ និងស្រទាប់ដីឥដ្ឋលាយថ្មភ្នំ។ ដូច្នេះមូលហេតុសំខាន់ដែលនាំឱ្យប្រាសាទស្រុត គឺបណ្តាលមកពីការរលួយនៃឫសឈើដែលងាប់ក្នុងស្រទាប់ដីបង្ហាប់ធ្វើគ្រឹះនេះ។

លោក សុជាតិ បន្តថា កំណាយក៏បានរកឃើញសំណល់គ្រឹះនៃកំពែងថ្មបាយក្រៀមរបស់មន្ទីរពេទ្យ ដែលជាទូទៅមានបណ្តោយប្រមាណ ៣១ម៉ែត្រ និងទទឹងជាង ២០ម៉ែត្រ។ ផ្នែកនៃជញ្ជាំងត្រូវបានបាត់បង់ទាំងស្រុង។ វាប្រហែលជាត្រូវបានគេរុះរើនៅពេលគេឈប់ប្រើប្រាស់មន្ទីរពេទ្យនេះ។

លក្ខណៈបែបនេះក៏ធ្លាប់ជួប និងរកឃើញផងដែរនៅប្រាសាទតាម៉ូង (មន្ទីរពេទ្យ) នៅខាងលិចខ្លោងទ្វារតាកាវ។ នៅក្នុងរណ្តៅកំណាយនេះ ក៏រកឃើញបំណែកក្បឿងនៅរាយប៉ាយ ដែលស្លាកស្នាមនេះ គឺជាភស្តុតាងនៃការរុះរើសំណង់ស្រាលនៅក្នុងមន្ទីរពេទ្យក្រោយពេលគេឈប់ប្រើប្រាស់វា។

ក្រៅពីនោះ ក៏បានប្រទះឃើញបំណែកកុលាលភាជន៍តិចតួច រួមជាមួយបំណែកថ្មភក់ តែមិនបានប្រទះឃើញមានសំណល់សំបកថ្នាំទំនើបដូចសព្វថ្ងៃឡើយ ដោយសារតែវិជ្ជាពេទ្យសម័យបុរាណប្រើប្រាស់ថ្នាំជារុក្ខជាតិ វល្លិ ឫស សំបក ស្លឹកឈើ ក្នុងការព្យាបាលរោគ៕