លំនៅដ្ឋានប៉ះពាល់នឹងការពង្រីកផ្លូវ ៨គ្រួសារនៅស្ពានវត្តពោធិ៍បន្ទាយជ័យ បានយល់ព្រមរុះរើក្រោយការសម្របសម្រួលរបស់អាជ្ញាធរ


ដើមី្បដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋទាំង០៨គ្រួសារដែលរងផលប៉ះពាល់ក្នុងការពង្រីកផ្លូវ នាព្រឹកថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនទាំង០៨គ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានធ្វើការបញ្ជាក់អំពីដំណោះស្រាយបញ្ហា រាល់ផលប៉ះពាល់ក្នុងការពង្រីកផ្លូវក្បាលស្ពានថ្មី ដែលបានប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០៨គ្រួសារ គឺត្រូវបានធ្វើការដោះស្រាយដោយសន្តិវិធីនៅនឹងកន្លែង ដោយធ្វើការបែងចែកក្បាលដីដែលសល់ពីការបើកពង្រីកផ្លូវ ជូនបងប្អូនទាំង០៨គ្រួសារ ព្រមទាំងធ្វើការចាក់ដីបំពេញជូនពួកគាត់ថែមទាំងធ្វើការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលមានជីវភាពក្រីក្រ ពុំមានលទ្ធភាពសាងសង់ផ្ទះ ថ្មីរបស់ខ្លួនបាន ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តក៏បានឯកភាពទៅតាម និតិវិធីរបស់អាជ្ញាធរក្រុង ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនេះជូនដល់បងប្អូនទាំង០៨គ្រួសារនៅនឹងកន្លែង ដោយស្របទៅតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហារាល់ផលប៉ះពាល់ ដូចជាការពង្រីកផ្លូវក្បាលស្ពានវត្តពោធិ៍បន្ទាយជ័យ ដោយប្រជាពលរដ្ឋទទួលបានលំដ្ឋានថ្មី ហើយស្ពានក៏បន្តដំណើរការពង្រីកនិងសាងសង់ទៅតាមគម្រោងដែលបានគ្រោងទុកផងដែរ។ ម៉្យាងទៀតនៅពេលដែលស្ពានថ្មថ្មី និង ផ្លូវដែលបានបង្រីករួចរាល់នឹងធ្វើឲ្យជីវភាពបងប្អូនដែលមានលំនៅតាមដងផលនេះ នឹងមានការកែប្រែមុខមាត់ថ្មី ក៏ដូចប្រជាពលរដ្ឋឯទៀតផងដែរ ។

ឯកឧត្តមបន្តថាបញ្ហាកកស្ទះចរាចរណ៍នៅក្រុងសៀមរាប ក៏តែងមានជាអន្លើរៗ ដែលអាជ្ញាធរខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយមានគម្រោងធ្វើការស្ថាបនាសាងសង់ផ្លូវក្នុងក្រុង ប្រមាណ១០១ខ្សែ ដែលបច្ចុប្បន្នកំពុងដំណើរការជាបណ្តើរៗ ហើយនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះផងដែរ ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សុំកុំឲ្យមានការភ័យខ្លាចចំពោះបញ្ហាជម្ងឺឆ្លងថ្មី កូវិដ១៩ និងកុំអោយមានកាឬើសអើងទៅតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានបំភិតបំភ័យ ខុសពីការពិត ដូចបងប្អូនដឹងស្រាប់ក្នុងពេលថ្មីៗនេះ ។ បញ្ហាទាំងនេះ គឺជាគំនិតរបស់ក្រុមជនឆ្លៀតឱកាស ដើមី្បរកផលចំណេញពីបងប្អូន នៅពេលដែលយើងមានបញ្ហានេះ ។ នៅពេលខាងមុខយើងនឹងសហការគ្នារៀបចំព្រឹត្តិការណ៍ សៀមរាបផ្ទះខ្ញុំ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ សំអាតបរិស្ថាននៅតាមទីប្រជុំជន តាមគ្រឺះស្ថាន សាលារៀន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម ដោយមានការបាញ់ថ្នាំសម្លាប់មេរោគទៀតផង។ ក្នុងនោះដែរឯកឧត្តមក៏បាននាំនូវគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនទាំង០៨គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ,ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ ១យួរ និងថវិកា ១០ម៉ឺនរៀលផងដែរ ៕