ពលរដ្ឋចិន រំជួលចិត្តចំពោះព្រះរាជសកម្មភាព ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងទង្វើរបស់សម្តេចតេជោ ពេលខ្លួនមានទុក្ខលំបាក


(ភ្នំពេញ)៖ ប្រជាពលរដ្ឋចិន រាប់ពីមន្ត្រី ពាណិជ្ជករ និងប្រជាពលរដ្ឋសាមញ្ញធម្មតា បានបង្ហាញក្តីរំជួលចិត្តឥតឧបមា ចំពោះព្រះរាជសកម្មភាពព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រី និងកាយវិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកព្រះទ័យ និងចិត្តទុកដាក់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ពេលជួបការលំបាកដោយសារជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID-19។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលដែលរដ្ឋាភិបាលចិនជួបវិបត្តិដោយសារជំងឺបណ្តាលមកពីមេរោគ COVID-19 បានសព្វព្រះរាជហឫទ័យជូននូវព្រះរាជទ្រព្យផ្ទាល់ខ្លួនព្រះអង្គជាថវិកាសរុបប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់ចិន។

នៅពេលចិនផ្ទុះជំងឺបង្កដោយមេរោគ COVID-19 មានប្រទេសជាច្រើន បានបង្ហាញកាយវិការរើងអើងចំពោះប្រជាជន និងប្រទេសចិន ដោយបានផ្តាច់ជើងហោះហើរ និងហាមប្រជាពលរដ្ឋចិនមិនឱ្យចូលទៅប្រទេសរបស់ពួកគេជាដើម។ ប្រទេសទាំងនោះ ក៏បានសម្រេចជម្លៀសប្រជាពលរដ្ឋចេញពីចិន និងបិទអាជីវកម្ម បិទក្រុមហ៊ុននៅក្នុងប្រទេសចិនផងដែរ។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនត្រឹមតែបង្ហាញការរក្សាទំនាក់ទំនង ការធ្វើដំណើរ និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID19 ប៉ុណ្ណោះទេ នៅចំគ្រាដ៏លំបាកដែលគេខ្លាចរអាចំពោះប្រទេសចិននេះ សម្តេចថែមទាំងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនថែមទៀតផង។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បាននាំឱ្យមានការស្ញប់ស្ញែងជាខ្លាំងចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ចំពោះប្រទេស និងប្រជាជនចិន។ ពួកគាត់បានហៅសម្តេចតេជោថា ជា «បុរសសង្ហាដើរបញ្ច្រាស»

លោក Hu Zhengyue អនុប្រធានសមាគមសាធារណៈការបរទេសចិន បានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក Hu Zhengyue បានថ្លែងបញ្ជាក់ថា «ប្រជាពលរដ្ឋចិន ក៏មិនអាចបំភ្លេចបាននោះឡើយ។ យើងទាំងអស់គ្នាពិតជាមានមោទនភាពជាខ្លាំង ដែលមានមិត្តភក្តិដ៏មហិមាដូចអ្នកទាំងអស់គ្នា។ សូមថ្លែងអំណរព្រះគុណ និងអរគុណដោយស្មោះ និងជ្រាលជ្រៅបំផុត»

លោក Ding Yi តន្ត្រីករដ៏ល្បីក្នុងប្រទេសចិន បានលើកឡើងថា «មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិដ៏ពិតប្រាកដ។ ប្រជាជនកម្ពុជា បានគាំទ្រដល់ប្រជាជនចិន ក្នុងពេលដ៏លំបាកនេះ។ នេះបានធ្វើឱ្យប្រជាពលរដ្ឋចិន មានក្តីរំភើបពេកក្រៃ»

លោក Ye Qing សហគ្រិនដ៏ល្បីក្នុងប្រទេសចិន បានលើកឡើងថា «ត្បិតតែការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ មានរយៈពេលខ្លីក៏ពិតមែន តែបានបង្កប់នូវអត្ថន័យមិត្តភាពប្រៀបដូចបងប្អូនដ៏សែនជ្រាលជ្រៅបំផុត។ មិត្តភាពចិន និងកម្ពុជា ប្រៀបដូចក្នុងគ្រួសារតែមួយ។ សូមជូនពរមិត្តភាពចិន និងកម្ពុជា ឋិតថេរជាអមតៈ»

លោកស្រី Zhang Jinfeng អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា «កម្ពុជា គឺជាមិត្តសំឡាញ់ពិតប្រាកដរបស់ប្រទេសចិន។ ខ្ញុំរំភើបចិត្តស្ទើររាល់ថ្ងៃ ដោយសារខ្ញុំ ក៏ដូចជាមិត្តចិន គឺយើងបានឮ បានឃើញអ្វីៗ ដែលព្រះករុណាព្រះមហាក្សត្រ ព្រះករុណាព្រះមហាវីរក្សត្រី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទីគោរពតំណាងឱ្យប្រជាជនកម្ពុជា ខំប្រឹងប្រែងធ្វើ និងជូនប្រជាជនចិនក្នុងការតស៊ូទប់ទល់នឹងមេរោគហ្នឹង»

លោកស្រីបន្ថែមថា «នេះ គឺសរឱ្យឃើញថា កម្ពុជា ជាបងប្អូនដែក នេះមិត្តចិន និងខ្មែរសម្រេចថាអ៊ីចឹង តែខ្ញុំចង់ថែមមួយឃ្លាទៀត មិនគ្រាន់តែដែកទេ គឺថែប។ ខ្ញុំជឿជាក់ថា មេរោគហ្នឹងពិតជាសាហាវ តែការតស៊ូគង់តែនឹងឈ្នះ។ ខ្ញុំជឿជាក់ថា មិត្តភាពចិន និងកម្ពុជា ដែលបានទទួលបានការសាកល្បងម្តងទៀតនៅក្នុងការតស៊ូលើកនេះ ពិតជាឋិតថេរជានិច្ចកាល»