សាលាខណ្ឌដង្កោ ប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិ នារី៨មីនា លើកទី១០៩ ឆ្នាំ២០២០ យ៉ាងអឹកធឹក


(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិ នារី៨មីនា លើកទី១០៩ ប្រធានបទស្តីពី «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្រោមអធិបតីភាពឯកឧត្តម កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជា ចុះជួយខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង មេញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា មន្ត្រីរាជការស៊ីវិល -កងកម្លាំងប្រដាប់ អាវុធ ជាស្ត្រី យ៉ាងច្រើនកុះករ សរុប៥០៤នាក់។

បន្ទាប់ពីប្រកាសហេតុ ប្រកាសគណអធិបតី និងគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជារួច លោកស្រី សយ សុធា សមាជិកក្រុមប្រឹក្សា ខណ្ឌដង្កោ បានអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់គណអធិបតី និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានសណ្តាប់ បន្ទាប់មក លោកស្រី គឹម ញឹប អភិបាលនៃគណអភិបាលខណ្ឌដង្កោ ក៏បានឡើងថ្លែងសន្ទរកថា ស្វាគមន៍ ដោយលើកឡើងអំពីស្ថានភាពប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងសកម្មភាពនានា របស់មន្ត្រីជានារី ចំណុះឲ្យរដ្ឋបាល ខណ្ឌដង្កោ បានចូលរួមបំពេញក្នុងរយៈកាលកន្លងមក។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចូលរួមថ្លែងសន្ទរកថា ដោយលើកឡើងប្រៀបធៀបអំពីប្រវត្តនៃ ទិវានារីអន្តរជាតិ (៨មីនា) ដែលពិភពលោកប្រារព្ធឡើង ដើម្បីរំលឹកនិងអបអរសាទរ ចំពោះវីរភាពនៃការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីទាមទារសិទ្ធិចូលរួមក្នុងសង្គម ដោយស្មើភាពជាមួយបុរស គឺកើតឡើងក្រោយប្រវត្តិសាស្ត្រកម្ពុជា ដែលមានការលើកតម្កើងសិទ្ធិនារី តាំងពីបុរាណកាល ព្រោះតាមប្រវត្តិសាស្ត្រ បានសរសេរថា ស្តេចខ្មែរដំបូងគេ គឺជាក្សត្រី ព្រះនាម លីវ យី បាននាំមកនូវសង្គមលទ្ធិមាតាធិបតេយ្យ នាសតវត្សទី១នៃគ.ស ដោយព្រះនាងមានគុណសម្បត្តិច្រើនអនេក ក្នុងការដឹកនាំ នគរភ្នំ មានស្នាដៃ បង្រួបបង្រួមជាតិ និង បង្កើនតម្លៃស្រ្ដីក្នុងបរិបទវប្បធម៌ជាតិ តែដោយសារសង្គ្រាមបានធ្វើឲ្យកម្ពុជា បែកបាក់ជាតិអស់ជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ រហូតបានមក បង្រួបបង្រួមជាតិសារជាថ្មី និងបញ្ចប់ សង្គ្រាមទាំងស្រុង នាំយកសន្តិភាពពេញលេញ ជូនជាតិនិងប្រជាជន ក្រោមការប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ពិសេសមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យអង្គការចាត់តាំងនយោបាយនិងយោធារបស់ ខ្មែរក្រហម ត្រូវបានរលំរលាយ ទាំងស្រុង ចាប់តាំងពី ចុងឆ្នាំ១៩៩៨មក ហើយកម្ពុជាក៏ចាប់ផ្តើមកសាងនិង អភិវឌ្ឍន៍ជាតិ ក្រោមម្លប់សន្តិភាពដោយមានការចូលរួមពី ឥស្សរជនជាស្ត្រី និងស្ត្រីផ្សេងទៀត ជាច្រើនរូប ទន្ទឹមគ្នាជាមួយបុរស ក្នុងការងារនយោបាយនិងសង្គមយ៉ាងសកម្ម ជាក់ស្តែងដូចជា៖

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាន់តំណែងជាប្រធាន កាកបាទក្រហមកម្ពុជា និងបានដឹកនាំ ការងារមនុស្សធម៌យ៉ាងសកម្ម ទូទាំងប្រទេស ដោយតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ច ជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋដោយក្តី មេត្តា ករុណា គ្មានការរើសអើង ល្បីល្បាញលើឆាក អន្តរជាតិ រហូតទទួលបាន ការកោតសរសើរ គោរពងារ និងគ្រឿងឥស្សរិយយស ពីស្ថាប័នជាតិ និងពិភពលោក ជាបន្តបន្ទាប់។

* លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងជាប្រធានសមាគមន៍នារី កម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ទូទាំងប្រទេស បានបំពេញការងារនយោបាយ ក្នុងជួរបក្សយ៉ាងសកម្ម រួមជាមួយ ឥស្សរជនថ្នាក់ដឹកនាំផ្សេងៗទៀត ក៏ដូចជាការងារ សង្គមជាតិ ក្នុងការកសាងប្រទេស កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ។

* ក្រៅពីនេះ ក៏នៅមាន ឥស្សរជនជាស្ត្រី និងស្ត្រីជាច្រើនរូបផ្សេងទៀត កំពុងកាន់ មុខតំណែងជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អង្គភាពបច្ចេកទេស រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល រោងចក្រសហគ្រាស និងវិស័យឯកជនគ្រប់ប្រភេទ។ ជាក់ស្តែងស្ត្រី ដែលកំពុងចូលរួម ក្នុងកម្មវិធីនាឱកាសថ្ងៃនេះ គឺសុទ្ធតែជាមន្ត្រី ដែលកំពុងបំពេញការងារ ទន្ទឹមគ្នា ជាមួយបុរសដោយស្មើភាព ក្នុងស្ថាប័នរដ្ឋ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានសម្តែងនូវអំណរ អរគុណសន្តិភាព និង គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះជាតិមាតុភូមិ ចេញពីភ្នក់ភ្លើងសង្គ្រាមនិងការបែកបាក់ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាជន និងបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យប្រកប ដោយស្ថេរភាពនិងចេរភាព។

ឯកឧត្តម កែប ជុតិមា បានថ្លែងគាំទ្រនូវប្រសាសន៍លើកឡើងរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង និងបានសំណូមពរ ដល់ពលរដ្ឋ គ្រប់រូបសូមចូលរួមថែរក្សាសន្តិភាពដែលយើង រកបានមកដោយលំបាកនេះ ឲ្យបានជាប់លាប់ ព្រោះជាតិយើងធ្លាប់ បាត់បង់សន្តិភាព បាត់មោទនភាពជាតិ ស្ទើរតែរលាយជាតិទាំងមូល កាលពីអតីតកាលមកហើយ និងសូមឲ្យម្នាក់ៗ មានអនាម័យឲ្យបានខ្ពស់ ដើម្បីការពារសុខភាពយើង គ្រប់គ្នាជៀសផុតពីជម្ងឺផ្សេងៗ ហើយក្នុងនោះផងដែរ សូមកុំជ្រួលច្របល់ ចំពោះជំងឺកូវីត១៩ រហូតដល់ចាញ់កលល្បិច ញុះញង់ របស់ជនខិលខូច ដែលព្យាយាមយក បញ្ហាជម្ងឺនេះ បង្វែរទៅជារឿងនយោបាយ ដោយបង្កឲ្យចលាចលក្នុងសង្គម។

ជាចុងបញ្ចប់ ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ ដោយមានការចូលរួមឧបត្ថម្ភពីឯកឧត្តម កែប ជុតិមា នូវថវិកាចំនួន៤,៧០០,០០០រៀល និងសារ៉ុងចំនួន៤៧០សារុង, លោកជំទាវ គ្រួច សំអាន ថវិកា ចំនួន២,០០០,០០០រៀល, ឯកឧត្តម លី ឆេង ថវិកា១,០០០,០០០រៀល និងឯកឧត្តម ប៊ុន សេរី ថវិកា២០០ដុល្លារ ដោយឡែកឯកឧត្តម រ័ត្ន ស៊្រាង បានបន្ថែមនូវថវិកាចំនួន១៥,១២០,០០០រៀល នំពា២,០១៦នំ ទឹកភេសជ្ជៈ១,០០៨ដប ដើម្បីបន្ថែមលើកញ្ចប់កាដូទាំង៥០៤កញ្ចប់ ដែលក្នុងនោះកញ្ចប់កាដូ និមួយៗ មានថវិកាឯកឧត្តម កែប ជុតិមា ០១ម៉ឺនរៀល សារុង០១ ថវិកាឯកឧត្តម រ័ត្ន ស៊្រាង ០៣ម៉ឺនរៀល (សរុបថវិកាមានចំនួន០៤ម៉ឺនរៀល) នំពា០៤ ទឹកភេសជ្ជៈ០២ដប ជាអំណោយចែកជូនដល់សមាជិកចូលរួមទាំងអស់ និងបានរៀបចំបាច់ផ្កាដ៏ស្រស់ស្អាតជូនដល់លោកស្រីជាថ្នាក់ដឹកនាំ បានទទួលដោយក្តីរីករាយ និងស្និទ្ធស្នាលបំផុត៕