អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ក្នុងក្រុងស្ទឹងត្រែង


នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីធ្លាមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ក្នុងក្រុងស្ទឹងត្រែង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជននិងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ៥០០នាក់។

ក្នុងឱកាសនោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត អាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ“ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ក្នុងក្រុងស្ទឹងត្រែងជូនអង្គពិធី។ ទន្ទឹមនឹងនោះឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពក្រុងស្ទឹងត្រែង ជាមួយនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣ ព្រមទាំងបានអំពាវនាវដល់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាមតែមួយមុខនោះទេ ត្រូវគិតទៅលើកត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈ៕