អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យការរៀបចំបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្ត និងចុះណែនាំឲ្យមន្ត្រីនៅច្រកអូរស្មាច់ពិនិត្យភ្ញៀវទាំងអស់ ដើម្បីការពារ COVID-19


(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលការរៀបចំបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីការពារជំងឺ Covid-19។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ការចុះពិនិត្យមើលការរៀបចំបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពីសំណាក់លោកអភិបាលខេត្ត នាពេលនេះ គឺចង់ដឹងថា តើការៀបចំនេះមានលក្ខណៈសមស្រប ឬមិនសមស្រប បើទោះបីខេត្តឧត្តរមានជ័យមិនទាន់មានជំងឺ Covid-19 ក៏ដោយក៏យើងត្រូវរៀបចំបន្ទប់ដាច់ដោយឡែកនេះជាមុនដែរ។

លោក ឃ្លោក ហួត បានបន្តទៀតថា បន្ទាប់ពីបានចុះពិនិត្យមើលការរៀបចំបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចមក លោក ប៉ែន កុសល្យ បានដឹកនាំមន្ត្រី បន្តដំណើរចុះទៅពិនិត្យមើល ស្ថានភាព នៅច្រកអន្តរជាតិអូរស្មាច់ និងបានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវសហការធ្វើការត្រួតពិនិត្យ ចំពោះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលត្រឡប់មកពី ប្រទេសថៃវិញ ត្រូវចុះស្គែនកំដៅដើម្បីឲ្យបានគ្រប់ៗគ្នា មុននឹងឲ្យពួកគាត់បន្តដំណើរតទៅមុខទៀត៕