ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រាសាទសីលវ័ន្តហៅវត្តប្រសាទ ស្ថិតក្នុងភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍលើគ្រប់វិស័យទូទាំ ងប្រទេសទាំងពុទ្ធចក្រ និង អាណាចក្រ ពិសេសព្រះពុទ្ធវិស័យសាសនា ត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើអោយមាន ការរីកចម្រើនឡើងទាំងវិស័យ ធនធានមនុស្ស ធនធាន សម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានាជាច្រេីនទៀត។ ជាក់ស្តែង នៅខេត្តសៀមរាបយើង វិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនខ្លាំងក្លាផងដែរ ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកសិក្សា។ ទាំងនេះ ជាមោទកភាពរបស់យើងទាំងអស់គ្នា ទាំងព្រះសង្ឃ និងគ្រហស្ថ ពិសេសការរួមចំណែកគាំទ្រជួយឧបត្ថម្ភពីពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយនានា ទើបធ្វើឱ្យវិស័យពុទ្ធចក្រខេត្តសៀមរាបមានការដុះដាលដូចបច្ចុប្បន្ន ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថាការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ ក៏ជាការ បញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ ក្នុងបរិការណ៍នេះ រដ្ឋមានតួនាទីផ្សព្វផ្សាយ និងលើកតម្កើង គ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនា រួមមាន៖ សិលាចារឹក សាលាបាលី និងពុទ្ធិកសិក្សានៅគ្រប់កម្រិត។
លោកអភិបាលរងខេត្ត ក៏មានប្រសាសន៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ារិន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបទាំងមូល កុំឲ្យមានការភិតភ័យខ្លាំងពេកពីបញ្ហាជម្ងឺផ្លូវដង្ហេីមថ្មី Covid 19 តែត្រូវរួមគ្នាការពារ ទប់ស្កាត់បង្ការ ពិសេសសង្កត់ធ្ងន់លេីបញ្ហាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃរបស់យេីងគ្រប់រូប។
លោកអភិបាលរងខេត្ត បានបន្ថែមថា ទាំងនេះជាកម្លាំងសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសណ្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និង ជួយអប់រំកូនចៅឱ្យប្រតិបត្តិ តែអំពើជាកុសលល្អ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេសការបណ្តុះនូវគំនិត ឆន្ទៈ និងមនសិកាស្នេហាជាតិ៕