គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយអភិបាលខេត្តស្វាយរៀង និងមន្ទីរជំនាញជុំវិញខេត្តពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរជំនាញជុំវិញខេត្តពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយដ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង គណៈកម្មការទី៣នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ មិនមែនមកដេញដោលរកហេតុផលខុសត្រូវអ្វីនោះទេ។

ជំនួបពិភាក្សាការងារនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនាពេល ក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។