អ្នកនាំពាក្យក្រសួងសុខាភិបាល ទាត់ចោលការផ្សាយព័ត៌មានមិនពិតរបស់លោក ពេជ្រ ស្រស់ ដែលថា មានអ្នកឆ្លង COVID-19 នៅក្នុងខារ៉ាអូខេមួយកន្លែង នៅភ្នំពេញ


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានបដិសេធ និងទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយ និងចែកចាយព័ត៌មាននៅក្នុងហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ដែលថា «មានអ្នកឆ្លង COVID-19 នៅខារ៉ាអូខេ មួយកន្លែង» ជាការមិនពិត ដែលនាំឲ្យប្រជាជនយល់ច្រឡំ។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឲ្យភ្នាក់ងារ SKY RADIO KH ដឹងថា «ករណីនៅខារ៉ាអូខេ ដែលលោក ពេជ្រ ស្រស់ បានលើកឡើងនោះ ក្រសួងមិនបានដឹងទេ»។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា «លោក ពេជ្រ ស្រស់ ជាអ្នកនយោបាយជាន់ខ្ពស់ បើដឹងករណីនេះ គាត់គួរតែរាយការណ៍ទៅក្រសួងជាប្រញាប់ ដើម្បីឲ្យក្រសួងចាត់វិធានការតាមនីតិវិធី និងយន្តការរបស់ក្រសួង។ បើសិនជា លោក ពេជ្រ ស្រស់ ដឹងរឿងហ្នឹងហើយ គាត់យកទៅផុសផ្តេសផ្តាសបែបនេះ ដូចជាមិនត្រូវទេ ជាហេតុធ្វើឲ្យប្រជាជនយល់ច្រឡំ»។

ការផ្សាយព័ត៌មានមិនពិតរបស់លោកពេជ្រ ស្រស់ បែបនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរភិតភ័យថែមទៀត ។ មិនតែប៉ុណ្ណោះវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់ ផលប្រយោជន៍អាជីវកម្ម បំពានសិទ្ធិបុគ្គល និងជាពិសេសប៉ះពាល់ការងារ និងជីវភាពរបស់បុគ្គលិកនៅទីនោះតែម្តង ។

គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ កន្លងមកទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺ Covid-19 ដែលបង្កើតឡើងដោយជនខិលខូចមួយចំនួន ក្នុងចេតនាបំពុលសង្គមជាតិ។ ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាល នឹងជម្រាបជូនព័ត៌មាន ជាសាធារណៈដល់បងប្អូនមិនខាន៕