រដ្ឋបាលខេត្តសៀមរាប៖ សារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩


សៀមរាប៖ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានអំពាវនាវដល់មន្ត្រីរាជការ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលក្រុង-ស្រុក ប្រតិបត្តិករទេសចរណ៍ បងប្អូនអាជីវករ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប៖

១. សូមសិក្សាស្វែងយល់អំពីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19) ឲ្យបានច្បាស់លាស់ និងវិធីទប់ស្កាត់ បង្ការ និងការថែរក្សាអនាម័យផ្ទាល់ខ្លួន។ ទាក់ទងទៅ ១១៥ រដ្ឋបាលខេត្តសៀមរាប ឬមន្ទីរសុខាភិបាលខេត្ត ដើម្បីទទួលការណែនាំពីវិធានការការពារនានា។

២. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ ទស្សនកិច្ចឯកជន ឬបំពេញការងារនៅបរទេស (បណ្តាប្រទេសនៅអ៊ឺរ៉ុប និងអាស៊ី)និងទើបត្រឡប់មកខេត្តសៀមរាបវិញ សូមមេត្តាជួយពិនិត្យសុខភាព ឬនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ ក្នុងករណីមានរោគសញ្ញា ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមករដ្ឋបាលខេត្ត ឬមន្ទីរសុខាភិបាលខេត្ត ជាបន្ទាន់។ ការសហការ និងការផ្តល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ មករដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រីករាលដាលនៃវីរុសនេះ។

៣. រដ្ឋបាលខេត្តសៀមរាប នឹងកំណត់ថ្ងៃបើកយុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ” សម្អាតបរិស្ថានក្រុង លាងសំអាតអនាម័យក្នុងទីប្រជុំជន ដើម្បីឆ្លើយតបនូវវិធានបង្ការនៃការរីករាយដាលនៃវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)នេះ ។

យើងត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តសៀមរាប និងរាជធានី-ខេត្តដទៃទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកាលៈទេសៈនេះយើងត្រូវសាមគ្គីគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ក្នុងគ្រាលំបាកហើយ និងប្រយុទ្ធប្រឆាំងនឹងវីរុសនេះទាំងអស់គ្នា ។

សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រសួងសុខភិបាល មន្ទីរសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងសូមជួយគាំទ្រលើបងប្អូនអាជីវករ ដែលប្រកបអាជីវកម្មក្នុងខេត្តសៀមរាប តែក្នុងនោះក៏សូមស្នើសុំដល់បងប្អូនអាជីវករមួយចំនួន សូមមេត្តាកុំលក់ទំនិញលើសតម្លៃហួសប្រមាណ ដោយត្រូវប្រកាន់ភ្ជាប់នូវការសហការ និងយោគយល់គ្នា។ ការថែរក្សាសុខភាពរៀងៗខ្លួន ជាកត្តាមួយចាំបាច់បំផុត របស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា៕