ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចាប់ពីម៉ោងសូន្យៗ នាថ្ងៃទី១៧ ខែមីនា មិនឲ្យជនបរទេស មកពី៦ប្រទេស ចូលកម្ពុជា


(បន្ទាយមានជ័យ)៖ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃនេះ បានចាត់វិធានការណ៍អនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការ​​​ជំងឺឆ្លង កូរ៉ូណា Covid-19 ដោយចាប់ផ្តើមពីម៉ោងសូន្យៗនាទីថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដោយមិនឲ្យជនបរទេស មកពី៥ប្រទេសចូលទឹកដីកម្ពុជាឡើយ

លោកវរសេនីយ៍ឯក ឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្តីទី នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍ប្រាប់ Swift News នៅព្រឹកថ្ងៃនេះថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយករងនគរបាលជាតិ និងជាប្រធានអគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍ និងតាមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលអន្តោប្រវេស្ត៍ ឲ្យបិទផ្សាយដំបូងនៅឈ្មោះប្រទេសចំនួន៥ ដែលរដ្ឋាភិបាលកំណត់នៅក្នុងសេចក្តីណែនាំ ហាមមិនឲ្យជនជាតិនៃប្រទេសទាំងនោះ ចូលកម្ពុជា ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ឬជំងឺកូវិដ១៩។

លោកវរសេនីយ៍ បានបញ្ជាក់បន្ថែមថា សម្រាប់បំរាមប្រជាពលរដ្ឋមកពីប្រទេសអ៊ីរង់ គឺអនុវត្តនៅវេលាម៉ោងសូន្សៗ យប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នា២០២០។

ការបិទផ្សាយនេះ គឺបញ្ជាក់ប្រាប់មហាជនឈ្មោះប្រទេសទាំង៦ រួមមានប្រជាជនមកពីប្រទេសអ៉ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ, បារាំង, អាមេរិក និងប្រទេសអ៉ីរ៉ង់ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ បានបិទផ្សាយតាមគោលដៅជាច្រើននូវវិធានការណ៍ការពារមេរោគ កូវិដ១៩ (Covid 19) ជាពិសេសការចែកម៉ាសជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលឆ្លងកាត់តាមច្រកអន្តរជាតិប៉ោយប៉ែត។

យោងតាមកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺវីរុស កូវិដ១៩ (Covid 19) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, ក្រុមផ្តល់ទិដ្ឋាការ, នាយ-នាយរងប៉ុស្តិ៍ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត គឺនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិចាប់ផ្តើមធ្វើការដ៏សំខាន់នេះ ដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងនូវបញ្ហាមួយចំនួនមានដូចជា អ្នកដំណើរមកពីប្រទេសទាំង៦ មានប្រទេសអ៉ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ, បារាំង, អាមេរិក និងមកពីប្រទេសអ៉ីរ៉ង់ ហាមចូលប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេសនៃប្រទេសទាំង៦ មកពីប្រទេសទាំង៦ ក៏ត្រូវបានហាមមិនឲ្យចូលដែរ ក៏ដូចជាអ្នកការទូតអង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស នៃប្រទេសទាំង៦ ដែលមានប័ណ្ណការទូតមកពីក្រសួងការបរទេស និងក្រុមគ្រួសារមានប័ណ្ណការទូត និងទិដ្ឋាការ អនុញ្ញាតឲ្យចូលតែត្រូវរក្សាការរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ, ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនមកពីប្រទេសទាំង៦ អនុញ្ញាតឲ្យចូល តែត្រូវអនុវត្តតាមការណែនាំឲ្យរស់នៅផ្តាច់ខ្លួ រយៈពេល១៤ថ្ងៃ, ជនបរទេសទាំង ៦សញ្ជាតិ មកពីប្រទេសផ្សេងៗ ដែលគាត់បានស្នាក់នៅលើសពី ១៤ថ្ងៃ ត្រូវមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ Stamps ឯកសារបញ្ជាក់ផ្សេងៗ ទើបអនុញ្ញាតឲ្យចូល, ចំពោះ Pilots ដែលមានការហោះហើរ ដល់ប្រទេសនោះហើយ ស្នើឲ្យចូល ត្រូវពិនិត្យចត្តាឡីស័កច្បាស់លាស់ រក្សារយៈពេល ១៤ថ្ងៃ ដូចគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់ចេញនូវវិធានការត្រួតពិនិត្យលើបញ្ជីឈ្មោះ អ្នកដំណើរតាមផ្លូវអាកាស (Manifest) មកពិនិត្យមុននឹងវាយតម្លៃភ្ញៀវចូល, ត្រួតពិនិត្យ Stamps ចូលប្រទេសនានា ដើម្បីឆែកប្រវត្តិដំណើរ, សំណូមពរឲ្យបង្ហាញ Boarding Pass មុន Last Destination, ត្រូវបំពេញអាស័យដ្ឋាន និងលេខទំនាក់ទំនងឲ្យបានច្បាស់លាស់, ត្រូវធ្វើការសម្ភាសន៍ ត្រូវបង្កើនចំនួនប្រធានគោលដៅ នាយរងប៉ុស្តិ៍តាមវេន, ត្រូវឲ្យគូសសញ្ញា Tick Yes, No ឈ្មោះប្រទេសដែលគាត់រស់នៅ ១៤ថ្ងៃ, ត្រូវមានរបាយការណ៍ជាប់ជាប្រចាំ អំពីបញ្ហា Covid 19, ត្រូវសហការល្អជាមួយ ផ្នែកចត្តាឡីស័ក និងពិនិត្យការយកចិត្តទុកដាក់, ត្រូវមានវិធានការការពារ ការឆ្លងរបស់មន្រ្តី ត្រូវពាក់ស្រោមដៃ និងម៉ាស់៕