នាវាទាំង ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកប្រមាណ ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីច្រកក្អមសំណរ ឆ្ពោះមកភ្នំពេញ ក្រោយពិនិត្យមិនឃើញមានមេរោគ COVID-19


(កណ្តាល)៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា នាវាទេសចរណ៍ខ្មែរចំនួន ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកប្រមាណ ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ ចាកចេញពីច្រកក្អមសំណរ ឆ្ពោះមករាជធានីភ្នំពេញ ក្រោយពីពិនិត្យមិនឃើញមានមេរោគ COVID-19 សម្រាប់អ្នកដែលជិះនៅលើ នាវាទាំងនេះ។

ការសម្រេចខាងលើនេះ បានធ្វើឡើង ខណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពខេត្តកណ្តាល និងមន្រ្តីចត្តាឡីស័ករបស់ក្រសួងសុខាភិបាល បានចុះទៅពិនិត្យផ្ទាល់ ក្រោយពេលដែលនាវាចំនួន ៤គ្រឿង (មួយគ្រឿងចតស្រាប់នៅច្រកក្អមសំណរ) បានវិលត្រឡប់មកវិញ ក្រោយពេលវៀតណាមមិនឲ្យចូលចត។

ឯកឧត្តម រស់ វណ្ណា បានបញ្ជាក់ថា ក្រោយពិនិត្យឃើញថា ក្រុមទេសចរ និងអ្នកបម្រើការងារនៅលើនាវាទាំងនេះ មិនមានរោគសញ្ញាណាមួយ នៃជំងឺ COVID-19 បន្ទាប់ពីមានការត្រួតពិនិត្យពីក្រុម ចត្តឡីស័ក ក្រុមការងារបានសម្រេចឲ្យនាវា អាចបន្តដំណើរឆ្ពោះមករាជធានីភ្នំពេញ ប៉ុន្តែពេលដល់ភ្នំពេញ ត្រូវធ្វើការធ្វើតេស្តម្តងទៀត។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្មែរ ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ បានវិលត្រឡប់មកដល់ច្រកក្អមសំណរ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅល្ងាច និងយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រៅពីនាវាទេសចរណ៍៤គ្រឿង ដែលត្រឡប់មកពីប្រទេសវៀតណាមនោះ នៅច្រកក្អមសំណរបច្ចុប្បន្ននេះ ក៏មាននាវាទេចរណ៍មួយគ្រឿងចតនៅទីនោះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ក្នុងចំណោមនាវាទេសចរណ៍ទាំង ៥គ្រឿង ដែលនឹងត្រូវចតនៅច្រកក្អមសំណរនេះ (មួយគ្រឿងកំពុងចតនៅក្អមសំណររួចហើយ) នាវា ៣គ្រឿង មានអ្នកទេសចរ។ ដោយឡែកនាវាពីរគ្រឿងទៀត មានតែអ្នកបម្រើការងារលើនាវា និងនាវិក មិនមានអ្នកទេសចរនោះឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាវាទាំង ៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់។

សូមបញ្ជាក់ថា ការវិលត្រឡប់របស់ទេសចរណ៍ចំនួន៤គ្រឿង មកច្រកក្អមសំណរវិញនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសវៀតណាម មិនអនុញ្ញាតឱ្យចូលចតដាក់ភ្ញៀវ។ លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានរៀបរាប់លើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ថា របស់លោកចំនួន ៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។ បន្ទាប់ពីវៀតណាមមិនអនុញ្ញាតឱ្យចូលចត លោក ផាន សុបិន្ត ក៏បានសុំសម្តេចតេជោជួយអន្តរាគមន៍លើបញ្ហានេះ។ក្រោយទទួលសំណើពីម្ចាស់ នាវា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាភ្លាមៗទៅឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យអន្តរាគមន៍ដោះស្រាយបញ្ហានេះ។

ទាំងលោក ផាន សុបិន្ត ម្ចាស់នាវា ក៏ដូចជាអ្នកបម្រើការងារនៅលើនាវា បានរីករាយជាខ្លាំងក្រោយទទួលបានការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលឱ្យពួកគេបានត្រឡប់មកប្រទេសវិញ៕