ការសម្អាតវារីជាតិនៅក្នុង កសិន្ធុនៃប្រាសាទអង្គរវត្ត


បរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងលើគោក ក្នុងទឹក និងបរិយាកាស ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ក្នុងការសម្អាតជាប្រចាំ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០នេះ ក្រុម ការងារអាជ្ញាធរជាតិអប្សរា បានចុះសម្អាតនូវវារីជាតិ ដែលដុះក្នុងទឹកនៃកសិន្ធុប្រាសាទ អង្គរវត្ត មានលំចង់ សារ៉ាយ កំប្លោកជាដើម ដើម្បីសម្អាតទឹកឱ្យស្អាត និងធ្វើឱ្យទឹកមាន គុណភាពល្អ ជំនួយដល់ភាពធំធាត់ដល់សត្វរស់នៅក្នុងទឹកផង។

ការសម្អាតវារីជាតិនៅក្នុងទឹកនៅតាមកសិន្ធុនៃប្រាសាទ អង្គរវត្តនិងប្រាសាទផ្សេងៗ ត្រូវបានសម្អាតជាប្រចាំ ដោយប្រើទូក និងដង្កាវដើម្បីកាវយករុក្ខជាតិក្នុងទឹកទាំងនោះ។

អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់សាធារណជននិងភ្ញៀវទេសចរទាំងអស់ សូមកុំបោះសំរាមគ្រប់ប្រភេទចូលក្នុងទឹកកសិន្ធុ ដែលជាហេតុនាំឱ្យទឹកកខ្វក់ ប៉ះពាល់ដល់សោភ័ណភាពប្រាសាទនិងជីវិតសត្វដែលអាស្រ័យក្នុងទឹកផងដែរ៕