សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន


នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញថ្លែងរបាយការស្វាគមន៍ ស្ដីអំពីការប្រព្រឹត្តទៅនៃសន្និបាតដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាង៥០០នាក់ ។ ឯកឧត្តមបានបន្តថាអង្គសន្និបាតបានវាយតម្លៃថាសភាពការគ្រឿងញៀនក្នុងតំបន់ និងពិភពលោក នៅមិនទាន់មានការថយចុះនៅឡើយទេ ហើយកម្ពុជានៅតែជាប្រទេសមានគ្រឿងញៀនឆ្លងកាត់ច្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាអង្គសន្និបាត នៅតែកំណត់ថាប្រជាជនចល័ត កម្មករ ក្មេងអនាថា យុវជនគ្មានការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តពេលយប់ និងអ្នកមកពីចំណាក ស្រុក សុទ្ធតែជាអ្នកប្រឈមនឹងបញ្ហាគ្រឿងញៀន ខណៈគោលដៅមានការប្រើប្រាស់គ្រឿងញៀន គឺទីកំសាន្តពេលរាត្រី ផ្ទះសំណាក់ និងការដ្ឋានសំណង់ជាដើម។

ឯកឧត្តមបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បង្រ្កាបបានបទល្មើសគ្រឿងញៀនជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ និងរឹបអូសគ្រឿងញៀនបានជាង៧៥០គីឡូ កើនឡើងប្រមាណជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។

ឯកឧត្តមក៏បានស្នើសម្ដេចក្រឡាហោមជួយអន្តរាគមន៍ឱ្យមានការចូលរួមបន្ថែមទៀតពីក្រសួងអប់រំ យុវជន និងកីឡា ជំរុញការងារភូមិសគ្មានគ្រឿងញៀននៅតាមតំបន់ជាប់ព្រំដែន ជំរុញការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិចំពោះសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសំណើមួយចំនួនទៀតពាក់ព័ន្ធការងារអនុវត្តច្បាប់ និងថវិកាទ្រទ្រង់សកម្មភាព ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដោយជាកិច្ចចាបផ្ដើម សម្ដេចក្នុងនាមរាជរដ្ឋាភិបាល បានកត់សំគាល់ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត និងបានឯកភាពគាំទ្រទាំងស្រុងចំពោះលទ្ធផលការងារកន្លងមក។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាបញ្ហាគ្រឿងញៀនត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យ ក្នុងនោះនៅថ្នាក់ជាតិគឺគ្រប់ក្រសួងដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ពិសេសការត្រៀមខ្លួនអនុវត្តផែនការសកម្មភាពយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី៥បន្តទៀត ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការអនុវត្តច្បាប់គ្រឿងញៀន ពេលខ្លះត្រូវការកិច្ចសហការដោះស្រាយ ប៉ុន្តែពេលខ្លះគឺជាមុខងារដោយឡែក ។ ជាក់ស្ដែងផលិតផលខ្លះគេអាចយកទៅកែច្នៃទៅធ្វើជាគ្រឿងញៀន ដែលទាមទារឱ្យក្រសួងសាមីត្រូវសិក្សា និងមានវិធានការជាមុន ។ សម្ដេចបានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន ក៏មែនជាការងារផ្ដាច់មុខរបស់នគរបាល ឬអាវុធហត្ថដែរ គឺត្រូវការការចួលរួមពីអ្នកទាំងអស់គ្នា ។

ពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំស គ្មានគ្រឿងញៀន សម្ដេចបានគូសបញ្ជាក់ថាក្រុមការងារត្រូវរៀបចំផែនការឱ្យទៅជាសកម្មភាព ពិសេសនៅតាមភូមិឃុំនៅតំបន់ព្រំដែន ដោយសម្ដេចបានគូសបញ្ជាក់ថាការងារនេះត្រូវការអនុវត្តពីអាជ្ញាធរជាតិ អាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ។ សម្ដេចបានប្រកាសគាំទ្រ និងជំរុញឱ្យយន្តការនេះមានដំណើរការទៅមុខ ។

សម្ដេចក៏បានទទួចឱ្យអង្គភាពពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន ដូចជាព្រំដែនជាមួយប្រទេសឡាវជាដើម។ សម្ដេចសង្កេតឃើញថាកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយឡាវមានភាពល្អប្រសើរជាងមុន ហើយថាបញ្ហានេះបានក្លាយជារបៀបវារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជាមួយក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងជំរុញការបំផុសចលនាសង្គមឱ្យជ្រួតជ្រាបអំពីទិសស្លោក៣កុំ ១រាយការណ៍ គឺកុំជួញដូរ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ពីបទល្មើសគ្រឿងញៀន ។ សម្ដេចបានណែនាំឱ្យមន្ត្រីអ្នកអនុវត្តច្បាប់ ត្រូវប្រកាន់ឱ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវផ្ដល់ការលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានរាយការណ៍ពីបទល្មើសគ្រឿងញៀនតាមរយៈការចុះស្រាវជ្រាវ និងបង្ក្រាប ។

នៅក្នុងឱកាសនោះដែរ សម្ដេចមានប្រសាសន៍ផ្ដល់ការលើកទឹកចិត្តឱ្យក្រុមការងារតែងចំរៀងអប់រំអំពីផលវិបាកនៃគ្រឿងញៀន សូមបង្កើនការតែងនិពន្ធ និងចេញបទចំរៀង ដែលមានការទាក់ទាញក្រុមយុវជន ក្នុងនោះដូចជាមានដូចជា គ្រឿងញៀននាំឱ្យបាត់បង់ស្នេហ៍ មានគ្រឿងញៀនគេមិនឱ្យចូលធ្វើការ ឬចង់ធ្វើប៉ូលីស ប៉ុន្តែលទ្ធផលតេសមានគ្រឿងញៀនជាដើម ។

សម្ដេចក៏បានរំលឹកដល់អត្ថន័យនៃបទចំរៀង ឪពុកខ្ញុំជាប៉ូលីសចរាចរណ៍ ដែលមានអត្ថន័យអប់រំជ្រាលជ្រៅ ហើយទទួលការចាប់អារម្មណ៍ពីមហាជន ។ សម្ដេចបានលើកទឹកចិត្តឱ្យតែងនិពន្ធបទចំរៀងពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍បន្ថែមទៀតដែរ ដោយត្រូវធ្វើយ៉ាងណាឱ្យចំរៀងនោះបានចូលក្នុងអារម្មណ៍អ្នកបើកបររថយន្តធំៗ សិស្សមិនពាក់មួកសុវត្ថិភាពព្រោះខ្លាចខូចម៉ូតសក់ជាដើម ។

នៅក្នុងឱកាសនោះ សម្ដេចក៏បានប្រកាសដាក់ឱ្យអនុវត្តប្រតិបត្តិការ១៥ ១១ របស់តំបន់ រួមជាមួយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ និងបានណែនាំភាគីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវអនុវត្តយន្តការឱ្យបានជាក់លាក់ ត្រូវបំផុសការចូលរួមជាពហុវិស័យ ទាំងការងារអប់រំ ការស្ដារនីតិសម្បទា ការអនុវត្តច្បាប់ និងការផ្ដល់ការលើកទឹកចិត្តចំពោះអ្នកមានស្នាដៃក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់ទៅកាន់អង្គពិធី អំពីការផ្ដល់ការគាំទ្រផ្នែកថវិកា ការបង្កើតមជ្ឈមណ្ឌលអប់រំតាមសាលារៀន ការផ្ដល់ថវិកាលើកទឹកចិត្តជូនអង្គភាព និងមន្ត្រីអនុវត្តច្បាប់សម្រាប់យុទ្ធនាការលើកទី៣ ដោយសម្ដេចបានសង្កត់ធ្ងន់បុគ្គល និងអង្គភាពត្រូវទទួលប្រាក់ ត្រូវបានសម្ដេចណែនាំឱ្យរាយនាមច្បាស់លាស់ ហើយប្រាក់នោះគឺផ្ទេរចូលគណនីបុគ្គល ឬអង្គភាពនោះតែម្ដង។

ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺCOVID19 សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាការរិះគន់ ឬតិទៀនមកលើរាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវសម្រាប់សង្គមប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែសម្ដេចស្នើកុំឱ្យបញ្ចេញមតិបំផ្លោងខុសពីការពិត និងបង្កើតភាពច្របូកច្របល់ក្នុងសង្គម។ សម្ដេចបានសង្កត់ធ្ងន់ថា ពេលនេះក្នុងនាមយើងជាខ្មែរដូចគ្នា សូមយកបញ្ហានយបាយ ឬខឹងស្អប់ទុកមួយឡែកសិន ត្រូវរួមចំណែកទប់ស្កាត់ការរីករាលដាលCOVID19 ៕