មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ បានប្រារព្វពិធីអបអរសាទរខួបលើកទី ២២ ទិវាវប្បធម៌ជាតិ ០៣ មីនា ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ »


«ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ»។

ជាក់ស្តែង មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ បានប្រារព្វពិធីអបអរសាទរខួបលើកទី ២២ ទិវាវប្បធម៌ជាតិ ០៣ មីនា ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាពលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ឯកឧត្តម យ៉ុង គឹមហ៊ាន សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជន ចូលរួមនាឱកាសនោះផងដែរ ។

ការប្រារព្ធទិវាវប្បធម៌ជាតិ គឺដើម្បីបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។