អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត


មណ្ឌលគិរី: ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋអោយស្រលាញ់បរិស្ថាន ចេះទុកដាក់សំរាមអោយមានរបៀប និងចូលរូមថែរក្សាអនាម័យ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរអង្គភាពពាក់ព័ន្ឋ រៀបចំប្រារព្វទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត”ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឲ្យដឹងថា ការប្រារព្វទិវាជាតិទីក្រុងស្អាត បានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តមណ្ឌលគិរីផងដែរ ដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហាបរិស្ថាន ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ សិស្សានុសិស្ស ក៏ដូចជាអាជីករទាំងអស់ ឱ្យមានអនាម័យល្អ ដើម្បីសោភ័ណ្ឌភាពនៅតំបន់ទីប្រជុំជន និងតំបន់កម្សាន្ត។

លោកស្រីបន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការគ្នាជាមួយនឹងអាជ្ញាធរ ហើយលះបង់ទម្លាប់ការចោលសំរាមពាសវាលពាសកាលនោះខេត្ត/ក្រុងរបស់យើង នឹងក្លាយជាខេត្ត ក្រុងដែលមានសោភ័ណ្ឌភាពល្អ ស្រស់បំព្រង មានខ្យល់អាកាសល្អបរិសុទ្ធ ពិសេស អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនៅក្នុងខេត្តយើងកាន់តែច្រើនឡើង ហើយក៏ធ្វើឲ្យជីវភាពរបស់ប្រជាជន មានការកើនឡើងតាមវិស័យទេសចរណ៍នេះផងដែរ។ លោកស្រី បញ្ជាក់ថា ទីក្រុងស្អាត ល្អ និងមានខ្យល់បរិសុទ្ធ ពិសេស គឺមិនមានថង់ប្លាស្ទិចហើរតាមខ្យល់នោះ វាទាមទារឲ្យបងប្អូនប្រជាពលដ្ឋ មានការយល់ដឹងកាន់តែខ្លាំងពីសុវត្ថិភាពសម្រាម និងផលប៉ះពាល់ដែលពួកគាត់បោះសម្រាមចោលតាមទីសាធារណៈ។

អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយឲ្យកាន់តែផុលផុសផងដែរ ដល់ប្រជាពលរដ្ឋ ស្ថាប័នឯកជន រដ្ឋ ពីការចូលរួមស្រឡាញ់ការពារបរិស្ថានអនាម័យនេះ និងផ្លាស់ប្តូរដោយបោះសម្រាមចោលតែក្នុងធុងសម្រាមជានិច្ច។

លោកស្រី វិន ស៊ីធួន ក៏បានអំពាវនាវដល់មហាជនទាំងអស់ សូមចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឫទឹកអាល់កុលហ្សែល នៅពេលក្អក ឫកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ដោយកែងដៃ ឫក្រដាសផងដែរ៕