ក្រសួងការពារជាតិ ចេញសេចក្ដីណែនាំ ស្ដីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព


(ភ្នំពេញ)៖ នាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការប្រយុទ្ធទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព។

ក្រសួងការពារជាតិ បានធ្វើការណែនាំក្នុងស្ថាប័ន កងឯកភាពយោធពលខេមរភូមិន្ទ ដូចខាងក្រោម៖

*ទី១៖ ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញជាបន្ដបន្ទាប់។

*ទី២៖ សហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល ដើម្បីចាត់វិធានការបង្កើនកិច្ចការពារ អប់រំ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩ នៅផ្ទៃក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន តាមរយៈការធ្វើអនាម័យ លាងដៃឲ្យបានញឹកញាប់ សម្អាតបន្ទប់បំពេញការងារ បន្ទប់ស្នាក់នៅ បន្ទប់ទឹក បោកគក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ឲ្យបានជាប់ជាប្រចាំ។

*ទី៣៖ ពិនិត្យឃើញរោគសញ្ញាណាមួយដែលមានភាពសង្ស័យ ដូចជា ឡើងកំដៅ, ក្អក, ឈឺបំពង់ក, ហត់, ពិបាកដកដង្ហើម ឬបញ្ហាសុខភាពផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឬការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬមន្ទីរពេទ្យយោធានៅតំបន់ប្រតិបត្តិការសឹក កងពល យោធភូមិភាគ និងមន្ទីរពេទ្យព្រះកេតុមាលា។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់។

អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៥នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕