រដ្ឋបាលខេត្តស្វាយរៀង ដាក់ចេញវិធានការ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19


(ស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តស្វាយរៀង ដោយបានដាក់ចេញវិធានការ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីឱ្យលេខាធិការដ្ឋានអនុវត្តន៍។

ក្នុងនោះឯកឧត្តម តូច ប៉ូលីវ៉ា បានដាក់ចេញវិធានការ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីឱ្យលេខាធិការដ្ឋានអនុវត្តន៍មានដូចខាងក្រោម៖

*ទី១៖ ត្រូវត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបានស្របតាមវិធានវេជ្ជសាស្ត្រ
*ទី២៖ ត្រូវត្រៀមសម្ភារធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិដែលអាចកើតមានឡើងជាយថាហេតុ
*ទី៣៖ ត្រូវរៀបចំក្រុមវេនប្រចាំការតាមដានស្ថានភាពសុខភាពទូទៅប្រចាំថ្ងៃ ដែលមានអនុប្រធានលេខាធិការដ្ឋានជាប្រធានក្រុមវេននីមួយៗ ដើម្បីងាយស្រួលអន្តរាគមន៍ និងគ្រប់គ្រង់ស្ថានភាពជាក់ស្តែងដែលអាចកើតមាន
*ទី៤៖ ត្រូវអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីឆ្លងជំងឺ COVID-19 ដោយត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ
*ទី៥៖ ក្រុមការងារឆ្លើយតបបន្ទាន់ (RRT) ត្រូវចុះទៅបន្ទាន់ពេលដែលមានអ្នកសង្ស័យដែលមករកសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានា នៅតាមស្រុក ក្រុង៕