អភិបាលខេត្តកំពត អំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធ មានវិធានការបង្ការការឆ្លង COVID-19 ឲ្យបានខ្លាំងក្លា


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវឱ្យមន្ត្រីមានភារកិច្ចពាក់ព័ន្ធ ត្រូវបង្ការទប់ស្កាត់ការរីករាលដាលឆ្លងវីរុស COVID-19។ ការអំពាវនាវបែបនេះ ខណៈឯកឧត្តមអភិបាលខេត្តដឹកនាំក្នុងកិច្ចប្រជុំ បង្កើតគណៈកម្មការថ្នាក់ខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្តប្រធានមន្ទីរ ប្រធានអង្គភាព ស្ថាប័ន អភិបាលក្រុង ស្រុក និងស្ថាប័នតុលាការ ជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យប្រធានមន្ទីរ អង្គភាព ស្ថាប័ន អភិបាល ក្រុង ស្រុក ដែលក្នុងជួរគណៈកម្មការទើបបង្កើតថ្មីនាពេលនេះ ត្រូវសហការគ្នា ធ្វើយ៉ាងណា បន្តខិតខំប្រឹងប្រែងស្វែងរកជនទាំងឡាយណាជាពិសេសជនបរទេសចម្លែក ដែលមកទេសចរណ៍កំសាន្តក្នុងភូមិសាស្ត្រនៃខេត្តកំពតមួយនេះ ឱ្យសហការដើម្បីស្វែងរកអត្តសញ្ញាណអ្នកផ្ទុក COVID-19 បើពិនិត្យរកឃើញថាមានផ្ទុក COVID-19 នោះ ត្រូវនាំដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្នុងបន្ទប់ដាច់ដោយឡែកដើម្បីព្យាបាល ឱ្យស្របទៅតាមគោលការណ៏របស់ក្រសួងសុខាភិបាល ក៏ដូចវិធានការ របស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋភិបាលជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្តអនុវត្តវិធានការបីចំណុចសំខាន់មានដូចជា៖

*ទី១៖ រដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះអាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ធ្វើចរាចរឆ្លងកាត់ច្រកព្រំដែន និងពិនិត្យតាមដានសភាពការផ្សេងៗ ទាក់ទងនឹងការឆ្លងជំងឺ COVID-19។
*ទី២៖ លោកអភិបាលខេត្ត ស្នើឲ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រកព្រំដែនជាដើម ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអាចចូលរួមកាត់បន្ថយអត្រានៃការឆ្លង។
*ទី៣៖ ស្នើរសុំឲ្យគណៈកម្មការខេត្តដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ត្រូវសហការបង្កើតជាគ្រុបតេឡេក្រាមមួយជាបន្ទាន់ នៅពេលមានការងារចាំបាច់ គឺគណៈកម្មការខេត្តអាចធ្វើការប្រជុំ តាមរយៈគ្រុបនេះផ្ទាល់តែម្តង។

គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកជំងឺ COVID-19 សរុបចំនួន ៤៧នាក់ ក្នុងនោះ ខេត្តកំពតក៏មាន ៣នាក់ រួមមាន បុរសខ្មែរម្នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្កែកខេត្តកែប និងបុរសជនជាតិម៉ាឡេស៊ី ២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ក្នុងនោះដែរ ថ្វីត្បិតកម្ពុជា-វៀតណាម ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើចរាចរឆ្លងកាត់ព្រំដែនក៏ពិតមែន ប៉ុន្តែបើតាមការលើកឡើងរបស់មន្ត្រីគយ ក្រោយពេលជួបពិភាក្សាសម្របសម្រួលគ្នា រវាងមន្ត្រីជំនាញ នៅតាមច្រកទ្វារទ្វេរភាគី និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រួចមក ទ្វេរភាគីក៏បានសម្រេចអនុញ្ញាតឲ្យចរាចរទំនិញឆ្លងកាត់តាមធម្មតាវិញ ដោយភាគីទាំងពីរត្រូវផ្ទេរផ្ទូរទំនិញ នៅចំណុច តំបន់ស បង្គោលព្រំដែនលេខ៣១៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ៕